2025-09-07 14:37
17

ភ្នំពេញ៖ ប្រភពពីស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ថ្មីៗនេះមានប្រជាពលរដ្ឋបានរាយការណ៍មកថាគឺមានបុរសម្នាក់បានពាក់ឯកសណ្ឋាននគរបាលដើរទារលុយប្រជាពលរដ្ឋនាឱកាសបុណ្យភ្ជុំបិណ្ឌ ។

ប្រភពបានបញ្ជាក់ថា ថ្មីៗនេះមានប្រជាពលរដ្ឋបានរាយការណ៍មកថាគឺមានបុរសម្នាក់បានពាក់ឯកសណ្ឋាននគរបាលដើរទារលុយប្រជាពលរដ្ឋលក់អីវ៉ាន់តាមផ្ទះនិងសុំស្រាបៀរទឹកក្រូច នាឱកាសបុណ្យភ្ជុំបិណ្ឌ ក្នុងខណ្ឌច្បារអំពៅ។

ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋនោះហើយ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកអធិការនគរបាលខណ្ឌច្បារអំពៅធ្វើការស្រាវជ្រាវជាបន្ទាន់ ចំពោះករណីនេះ។

អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅក៏បានស្រាវជ្រាវនិងបដិសេធថាជនខាងលើនោះមិនមែនមន្រ្តីនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនោះទេ ជាជនក្លែងបន្លំជានគរបាល ទៅធ្វើសកម្មភាពខុសច្បាប់បង្កប៉ះពាល់កិត្តិយសនគរបាលជាតិ។ ឯកឧត្តមស្នងការក៏បានបញ្ជាលោកអធិការនគរបាលខណ្ឌច្បារអំពៅត្រូវធ្វើការស្រាវជ្រាវជាបន្ទាន់ដើម្បីស្វែងរកឃាត់ខ្លួនជននេះ យកមកចាត់ការតាមផ្លូវច្បាប់៕