
ភ្នំពេញ៖ ក្នុងលិខិតចូលរួមអបអរសាទរ របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្ញើជូនលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថ្មីទី៣២ របស់ថៃ ដោយសម្តេចបានបញ្ជាក់ថា «សម្តេចទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក Anutin Charnvirakul ដើម្បីស្តារទំនាក់ទំនងរវាងកម្ពុជា និងថៃ ឱ្យវិលទៅរកភាពប្រក្រតី កសាងទំនុកចិត្តទៅវិញទៅមក និងប្រែក្លាយព្រំដែនរួមនៃប្រទេសទាំងពីរទៅជាព្រំដែបសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍ និងវិបុលភាពរួម»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ លោក Anutin ដែលជាប់ឆ្នោតជានាយករដ្ឋមន្ត្រីទី៣២ របស់ថៃ។ ជ័យជម្នះដ៏ត្រចះត្រចង់របស់អ្នក គឺជាការឆ្លុះបញ្ចាំងពីទំនុកចិត្តដ៏រឹងមាំលើការដឹកនាំរបស់ Anutin។ សម្តេចធិបតីនាយលរដ្ឋមន្ត្រី មានជំនឿថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងសមត្ថភាពរបស់ Anutin ប្រទេសថៃ នឹងសម្រេចបាននូវការរីកចម្រើនកាន់តែខ្លាំង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងលិខិតថា ប្រទេសទាំងពីរកម្ពុជា និងថៃ គឺជាប្រទេសជិតខាងភ្លាមៗដោយភូមិសាស្ត្រ និងសមាជិកនៃអាស៊ាន។ សន្តិភាព ការរួមរស់ដោយសុខដុមរមនា និងវិបុលភាពរួមគ្នារវាងប្រទេសយើងទាំងពីរ គឺជាសេចក្តីប្រាថ្នារបស់ប្រជាជនយើងទាំងពីរ។ ដូច្នេះហើយ វាគឺជាក្តីសង្ឃឹមដ៏ស្មោះរបស់ខ្ញុំដែលថា ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការកសាងទំនាក់ទំនងដ៏ស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការល្អ ប្រជាជនយើងទាំង២នឹងទទួលបានវិបុលភាព និងលូតលាស់ប្រកបដោយសុខដុមរមនា និងអំណរ។
ជាមួយនឹងស្មារតីនេះ សម្តេចធិបតីទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ Anutin ដើម្បីស្តារទំនាក់ទំនងរវាងកម្ពុជានិងថៃឱ្យវិលទៅរកភាពប្រក្រតី កសាងទំនុកចិត្តទៅវិញទៅមក និងប្រែក្លាយព្រំដែនរួមនៃព្រះរាជាណាចក្រយើងទាំងពីរទៅជាសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍ និងវិបុលភាពរួម៕


