2025-09-07 17:13
14

ភ្នំពេញ៖ នាវេលាម៉ោងប្រមាណ៣រសៀល នៅថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២៥ នេះលោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.)  ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកស្រី Louise Araneta-Marcos បានអញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកញ្ញា។

ការធ្វើដំណើរមកដល់របស់ ម៉ាកូស ប្រធានាធិបតីហ្វីលីពីន និងភរិយា ព្រមទាំងគណៈប្រតិភូ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងមានមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ទៀត បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតីហ្វីលីពីន នឹងអញ្ជើញជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សាទ្វេភាគីជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព ដើម្បីពិភាក្សាស៊ីជម្រៅ លើការពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ភាគីទាំងពីរនឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាចំណាប់អារម្មណ៍រួម។ ឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន ក៏នឹងត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនេះផងដែរ។

សូមជម្រាបថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងភរិយា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅបានដឹកនាំក្រុមការងាររាជរដ្ឋាភិបាល ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសហ្វីលីពីន ចាប់ផ្តើមពីថ្ងៃទី១០-១១ ខែកម្ភៈ តបតាមការអញ្ជើញ របស់លោក Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន៕