
ភ្នំពេញ៖ នាវេលាម៉ោង ០១និង២៥នាទីរសៀល ថ្ងៃអាទិតុ្យទី០៧ ខែកញ្ញា ឆ្នាំ២០២៥ កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយ នៅខេត្តកោះកុង ដើម្បីពិភាក្សាបន្ថែមទៀតក្នុងការជំរុញ ប្រសិទ្ធភាព និងភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ GBC និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ GBC។
ក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ក្រុមលេខាធិការដ្ឋាននៃភាគីទាំងពីរបានផ្លាស់ប្តូរឯកសារជាមុន ដើម្បីត្រៀម ពិភាក្សាក្នុងកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងដំណើរ ការកិច្ចប្រជុំរបស់ខ្លួន ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី១៨ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ហើយកម្ពុជាគឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ៕