2025-09-23 13:14
102

ភ្នំពេញ៖ លោកវរសេនីយ៍ទោ ពៅ រិទ្ធី មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានប្រមុខក្រសួងមហាផ្ទៃ លោក ស សុខា បានសម្រេចផ្អាកការងារជាបណ្តោះអាសន្ន ដើម្បីបើកផ្លូវឱ្យតុលាការ បន្តនីតិវិធីតាមផ្លូវច្បាប់។ នេះបើយោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ។

ក្នុងប្រកាសរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖ «ចំពោះលោកវរសេនីយ៍ទោ ពៅ រិទ្ធី ត្រូវមកបង្ហាញខ្លួនជារៀងរាល់ម៉ោងធ្វើការនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រហូតមានការសម្រេចជាថ្មី»

សូមជម្រាបថា នៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំនួន ១៥ នាក់ រថយន្ត ចំនួន ០៣ គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា ជាមន្ត្រីនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែត សហការណ៍ជាមួយកម្លាំកងពលតូចថ្មើរជើងលេខ៥១ ក្រោមការសម្របសម្រួលដោយលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបករណី នាំទំនិញឆ្លងដែនដោយខុសច្បាប់ នៅចំណុចផ្ទះរបស់ លោកវរសេនីយ៍ទោ ពៅ វុទ្ធី ហៅ «ធីស្នា» ជាប់មាត់អូរព្រំដែន ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

ចំពោះវត្ថុតាងដកហូតរួមមាន៖ គ្រឿងក្រអូបចម្រុះ ចំនួន ៥៥ កេស, ទូកស្មាច់ ចំនួន ០១ គ្រឿង ជាមធ្យោបាយដឹកជញ្ជូន និងរថយន្ត ចំនួន ០២ គ្រឿង។ ចំណែកឯលោកវរសេនីយ៍ទោ ពៅ វុទ្ធី ហៅ ធីស្នា មិននៅក្នុងផ្ទះនោះទេ គឺបានរត់គេចខ្លួនបាត់ស្រមោល។ វត្ថុតាងខាងលើ កម្លាំងសមត្ថកិច្ចបានយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។

ក្រោយបែករឿងអាស្រូវស្អុយរលួយបញ្ច្រាស់ខ្យល់ របស់លោក ពៅ រិទ្ធី មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ គប់គិតជាឈ្មួញថៃ រត់ពន្ធទំនិញឆ្លងដែលចូលមកកាន់កម្ពុជា ខណៈព្រំដែននៃប្រទេសទាំងពីរកំពុងបិទ បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមរិះគន់យ៉ាងខ្លាំង ជាពិសេសក្នុងផ្ទះរបស់លោកមានតាំងរូបថតរបស់ស្តេចថៃផងដែរ៕