
អគ្គបញ្ជាការបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មានផេកផ្លូវការរបស់កងទ័ពថៃ និងសារព័ត៌មានរបស់ប្រទេសថៃ បានផ្សព្វផ្សាយព័ត៌មានថា “ទាហានកម្ពុជាបានបាញ់កាំភ្លើងធុនតូច ៣-៥គ្រាប់ ចូលទៅក្នុងទឹកដីថៃ ដើម្បីសាកល្បងនៃការឆ្លើយតបរបស់ភាគីថៃ”។
អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ សូមធ្វើការបំភ្លឺជូនសាធារណៈជនថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៣និង២០នាទី កងទ័ពកម្ពុជា បានរាលកៃបាញ់កាំភ្លើង ប្រភេទ AK ចំនួន ០២ គ្រាប់ ដោយអចេតនា នៅក្នុងទឹកដីរបស់កម្ពុជា ក្នុងភូមិសាស្ត្របុស្បូវ-ជាំតែ ខេត្តព្រះវិហារ។ បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង កងទ័ពកម្ពុជា ក៏បានធ្វើការទំនាក់ទំនងប្រាប់ភាគីថៃពីសកម្មភាពអចេតនានេះផងដែរ។
សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ តែងតែប្រកាន់ខ្ជាប់នូវបទឈប់បាញ់ ដើម្បីកសាងនូវសន្តិភាព និងប្រក្រតីភាពឡើងវិញរវាងកម្ពុជា-ថៃ៕