2025-09-23 18:55
52

ភ្នំពេញ៖ នៅព្រលប់ថ្ងៃអង្គារ ទី២៣ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានលើកឡើងថា៖ «តាមពិតខ្ញុំមិនចង់និយាយអ្វីទេនៅចំពោះមុខជម្លោះ​ កម្ពុជា-ថៃ ដែលកំពុងត្រូវបានសម្របសម្រួលក្រោមបទឈប់បាញ់ ដើម្បីធានាថាជិវិតកងទ័ព និងប្រជាជនមិនត្រូវស្លាប់ និងរបួសទ្រព្យសម្បត្តិទាំងរដ្ឋ ទាំងឯកជនក៏ដូចជា ហេដ្ឋារចនាសម្ព័នមិនត្រូវបានបំផ្លាញដោយសារសង្គ្រាមផ្ទុះឡើងវិញនោះឡើយ»

ប៉ុន្តែអ្វីដែលសម្តេចតេជោ ចង់និយាយនាពេលនេះ គឺការបើកច្រកព្រំដែន កម្ពុជា-ថៃ ដែលកន្លងមកនេះមានការនិយាយច្រើន ដែលខាងកម្ពុជាភាគច្រើនចេញពីបងប្អូនអ្នកលេងបណ្តាញសង្គម ឯសម្រាប់អ្នកនយោបាយ ឬអ្នកដឹកនាំកងកម្លាំ​ងប្រដាប់អាវុធ និងរដ្ឋបាលស៉ីវិល មិនមានអ្នកណាចេញមកនិយាយទេ។ ក្រឡេកមើលទៅប្រទេសថៃ មានគ្រប់មជ្ឈដ្ឋានចេញមកនិយាយយ៉ាងច្រើនដែលតាំងពីលើដល់ក្រោមនិយាយតែពីបន្តបិទ។

សម្តេចតេជោប្រមុខរដ្ឋស្តីទី បានលើកឡើងទៀតថា ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា «ថៃជាអ្នកបិទ ថៃ គឺជាអ្នកបើកមិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជា និងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង»។ ជំហរកម្ពុជានេះ និងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំថៃបើកច្រកព្រំដែននោះដែរ។ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀត ក៏កម្ពុជាមិនស្លាប់ដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជក់យ៉ាងដូច្នេះ៖ «ខ្ញុំគួរតែអរគុណថៃ ដែលតាមរយៈការបិទព្រំដែនជាឯកតោភាគីនេះទំនិញថៃនាំចូលមិនបាន ធ្វើឲ្យទំនិញកម្ពុជាដែលផលិតក្នុងស្រុកមានការរីកចម្រើនយ៉ាងខ្លាំង។ ប្រជាជនកម្ពុជាដែលស្រឡាញ់ជាតិនាំគ្នាគាំទ្រប្រើប្រាស់ទំនិញក្នុងស្រុក ដែលនេះនិងគាំទ្រដល់ការរីកចម្រើនខាងសេដ្ឋកិច្ចសម្រាប់រយៈពេលវែង។ ជាង៣ខែអត់ទំនិញថៃទីផ្សារកម្ពុជាមានស្ថេរភាព មានទំនិញប្រើប្រាស់គ្រប់គ្រាន់ និងអតិផរណាទាបនិយាយដោយឡែក និងនិយាយជារួមម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រងបានល្អ»

សម្តេចតេជោបន្ថែមថា សម្រាប់សំណូមពរជប៉ុន ដែលវិយោគនៅថៃផង នៅកម្ពុជាផង ដែលត្រូវការដឹកទំនិញឆ្លងកាត់ព្រំដែន កម្ពុជា-ថៃ សូមជប៉ុនធ្វើទំនាក់ទំនងជាមួយភាគីថៃ ព្រោះភាគីកម្ពុជា បានផ្តល់ការយល់ព្រមរួចហើយ។ សម្តេចតេជោ សូមបងប្អូនជនរួមជាតិ មេត្តាអត់ធ្មត់ និងទុកលទ្ធភាពឲ្យរាជរដ្ឋាភិបាល បន្តដោះស្រាយដោយសន្តិវិធី។ យើងមិនអាចយកសង្រ្គាម ដើម្បីបញ្ចប់សង្គ្រាមបានទេ៕