2025-09-23 13:28
122

រតនគិរី៖ មន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរីម្នាក់ បានបើករថយន្តកិនក្មេងស្រីម្នាក់ អាយុ៥ឆ្នាំ បណ្តាលឱ្យរបួសធ្ងន់ ខណៈពេលកំពុងរត់លេងក្នុងបរិវេនមន្ទីរពេទ្យ និងបានស្លាប់តាមផ្លូវពេលបញ្ជូនបន្តទៅកាន់មន្ទីរខេត្តសៀមរាប។ ក្រោយពេលកើតហេតុមន្ត្រីសុខាភិបាលរូបនេះ បានព្យាយាមឱ្យមានការសម្រុះសម្រួលជាមួយអាណាព្យាបាលក្មេងរងគ្រោះនូវសំណង ចំនួន ៥ពាន់ដុល្លារ ដើម្បីបញ្ចប់រឿងក្រៅប្រព័ន្ធតុលការ។

ករណីខាងលើនេះ បានកើតឡើងតាំងពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងជាង១រសៀល ត្រង់ចំណុច ទល់មុខអាគារសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

អ្នកបើកបររថយន្តបង្កមានឈ្មោះ ហេង រតនា ភេទប្រុស អាយុជាង ៥០ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិថ្មី សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជាមន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ បឿន ចន្ធូ អាយុ ៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យកុមារខេត្តសៀមរាប។

តាមរបាយការណ៍បានឱ្យដឹងថា ឪពុករបស់ក្មេងស្រីរងគ្រោះ មានឈ្មោះ ស៊ឹម បឿន អាយុ ៥៣ឆ្នាំ ម្តាយ ឈ្មោះ ទូច សុខខឿន អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានជម្ងឺប្រចាំកាយ មានទីលំនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ជាកសិករ មានកូនប្រុស-ស្រីក្នុងបន្ទុក ចំនួន ០៦នាក់។

តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុកូនក្មេងស្រីរងគ្រោះបានមកជាមួយឪពុកម្តាយមកសម្រាកព្យាបាលជំងឺប្រចាំកាយកក្នុងមន្ទីរពេទ្យបង្អែកខេត្តរតនគិតី និងរត់លេងពីក្រោយឪពុកក្នុងបរិវេនមន្ទីរពេទ្យ ខណៈពេលនោះស្រាប់មានរថយន្ត ០១ គ្រឿង ម៉ាក Luxis RX300 ពណ៌ស ពាក់ស្លាក់លេខ ប.មានជ័យ 2A-9657 អ្នកបើកបរ មានឈ្មោះ ហេង រតនា ជាបុគ្គលិកនៃមន្ទីរពេទ្យបង្អែកខេត្ត បានបើករថយន្តតម្រង់ទៅមុខអាគារសង្គ្រោះបន្ទាន់ មើលមិនឃើញក្មេងស្រីកំពុងរត់លេងបានកិនទាំងកង់មុខ និងកង់ក្រោយ បណ្តាលឱ្យរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលពេញមន្ទីរពេទ្យតែម្តង។

ក្រោយពេលកើតហេតុក្រុមគ្រូពេទ្យបានព្យាយាមជួនសង្គ្រោះ ប៉ុន្តែដោយសារស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យក៏បំពេញឯកសារបញ្ជូនបន្តតាមរថយន្តសាម៉ុយ ទៅកាន់មន្ទីរពេទ្យកុមារជាតិខេត្តសៀមរាប និងបានស្លាប់នៅពាក់កណ្តាលផ្លូវ។

នៅរសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៥ លោក អូន សាវុធ ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានឲ្យក្រុមអ្នកសារព័ត៌មានថា ពិតជាកើតមានករណីគ្រោះថ្នាក់ចរាចរនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តមែន ដោយបង្កឡើងដោយរថយន្តរបស់លោក ហេង រតនា ជាគ្រូពេទ្យប្រចាំមន្ទីរពេទ្យខេត្ត។ វាជាកំហុសដោយអចេតនាបំផុត បន្ទាប់កើតហេតុដំបូងលោកបានប្រឹងប្រែងជួយអស់លទ្ធភាព ដើម្បីសង្គ្រោះក្មេងស្រីរងគ្រោះ ប៉ុន្តែមិនអាចសង្គ្រោះបាន ព្រោះរបួសធ្ងន់ធ្ងរពេក។ 

ប្រធានមន្ទីរពេទ្យបានបញ្ជាក់ថា៖ «ករណីនេះ រវាងអ្នកបើករថយន្តបង្ក និងក្រុមគ្រួសារជនរងគ្រោះបានធ្វើការសម្របសម្រួលគ្នានៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីរួចរាល់ហើយ»។ បើតាមការបង្ហើបព័ត៌មានក្រៅផ្លូវការបានឱ្យដឹងថា ឪពុកម្តាយក្មេងស្រីរងគ្រោះបានព្រមទទួលយកសំណង ចំនួន ៥ពាន់ដុល្លារ ដើម្បីបញ្ចប់រឿងក្រៅប្រព័ន្ធតុលការ ប៉ុន្តែគេមិនដឹងថា មន្ត្រីជំនាញផ្នែកចរាចរណ៍កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ឬបិទបញ្ចប់រឿងត្រឹមនេះនោះទេ ខណៈជនបង្កមិនត្រូវបានឃាត់ខ្លួនឡើយ។

សូមបញ្ជាក់ថា នៅកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ លោកឧបនាយករដ្ឋមន្ត្រី កើត រីទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវទទួលខុសត្រូវដោយដាច់ខាត ហើយត្រូវចៀសវាងរឿងមួយ គឺរឿងបុកគេស្លាប់ហើយបង់លុយរួចខ្លួន»