
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅយប់ថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន សូមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងសន្តិភាព នៅតំបន់ហ្គាហ្សា ដែលបានចុះហត្ថលេខានៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសអេហ្ស៊ីប ដោយ លោក ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក លោក អាប់ដែល ហ្វាតា អ៊ែល-ស៊ីស៊ី ប្រធានាធិបតី នៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ព្រះអង្គម្ចាស់ តាម៉ីម ពិន ហាម៉ាត់ អាល់-ថានី ព្រះចៅ នៃរដ្ឋកាតា និងលោក វ៉ីស៊ីប តាយយ៉ុប អ័រជូហ្គាន់ ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយ៉េ។
កម្ពុជាសូមកោតសរសើរដល់ការដឹកនាំរបស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងអ្នកសម្របសម្រួលទាំងអស់ចំពោះការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការសម្រេចបាននូវលទ្ធផលនេះ និងសង្ឃឹមថាកិច្ចព្រមព្រៀងសន្តិភាពនេះនឹងត្រួសត្រាយផ្លូវសម្រាប់សន្តិភាពយូរអង្វែង និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញសម្រាប់ភាគីទាំងពីរ។
កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការគាំទ្រចំពោះដំណោះស្រាយរដ្ឋពីរ និងលើកទឹកចិត្តគ្រប់ភាគី ឱ្យបន្តការសន្ទនាស្របតាមសេចក្តីសម្រេចពាក់ព័ន្ធនានារបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕



