
ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជួបគ្នាលើកទីបីនៅសេតវិមាន កាលពីថ្ងៃសុក្រនេះ ក្នុងកិច្ចពិភាក្សាដ៏តានតឹង និងខ្វែងគំនិតគ្នាអំពីអនាគតនៃការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
លោក Trump និងលោក Zelensky បានជួបប្រជុំគ្នាច្រើនម៉ោងជាមួយជំនួយការសំខាន់ៗរបស់ពួកគេ។ ការជួបនេះត្រូវបានប្រភពជិតស្និទ្ធជាមួយ CNN ពណ៌នាថា «ជាការពិភាក្សាដែលតានតឹង បើកចំហ និងមិនសូវស្រួល នៅចំណុចខ្លះៗ»។
លោក Trump បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់លោក Zelensky នៅក្នុងការសន្ទនា ដោយផ្ទាល់ និងស្មោះត្រង់ថា «សម្រាប់ពេលនេះ អ៊ុយក្រែននឹងមិនទទួលបានកាំជ្រួចរយៈចម្ងាយឆ្ងាយ Tomahawk ដើម្បីវាយលុកកាន់តែជ្រៅចូលទៅក្នុងប្រទេសរុស្ស៊ីដែលកំពុងស្វែងរកនោះទេ ដោយសង្ឃឹមថា សង្គ្រាមជាមួយរុស្ស៊ីអាចបញ្ចប់តាមរយៈកិច្ចសន្ទាន និងទំនាក់ទំនងការទូត»។
ប្រភពជិតស្និទ្ធបានប្រាប់ថា ការជួបប្រជុំមានបរិយាកាសតានតឹង និងមិនចុះសម្រុងគ្នានេះ ការបដិសេធរបស់ លោក Trump មិនផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ឱ្យអ៊ុយក្រែន ដោយបញ្ជាក់ថា «វាអាចនាំឲ្យសង្គ្រាមបន្ត និងកាន់តែធ្ងន់ធ្ងរជាងមុន»។
បន្ទាប់ពីកិច្ចប្រជុំ លោក Trump បានអំពាវនាវឲ្យមានបទឈប់បាញ់នៅតាមបន្ទាត់សមរភូមិនៃសង្រ្គាមបច្ចុប្បន្ន និងបញ្ឈប់ការសម្លាប់គ្នា ដោយថ្លែងថា «សង្គ្រាមបាននាំឲ្យមានការបំផ្លាញ និងការបាត់បង់ជីវិតមនុស្សច្រើនពេក»។
លោក Trump បាននិយាយថា «ភាគីទាំងពីរត្រូវតែចុះកិច្ចព្រមព្រៀមបទឈប់បាញ់ ព្រោះស្ថានភាពនៃសង្គ្រាមវានឹងកាន់តែអាក្រក់នៅរដូវរងារខាងមុខនេះ»។ លោក Zelensky បានចាត់ទុកកិច្ចប្រជុំនេះថា ជា «ការសន្ទនាខ្លាំងពិតប្រាកដ» ហើយលទ្ធផលរបស់វា «ពិតជាអាចជួយនាំសង្គ្រាមនេះខិតទៅជិតទីបញ្ចប់»៕