
ថៃ៖ លោកស្រី Angkhana Neelapaijit និង លោក Phaichit សមាជិកព្រឹទ្ធសភា និងជាអតីតសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សជាតិ រួមជាមួយនឹងលោក Sunai Phasuk អ្នកស្រាវជ្រាវជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានទទួលការគម្រាមគំហែងយ៉ាងខ្លាំងលើបណ្ដាញផ្សព្វផ្សាយសង្គម បន្ទាប់ពីលោកស្រី បានលាតត្រដាងជុំវិញរឿងការប្រើប្រាស់យន្តហោះចម្បាំង F-16 របស់ថៃ និងការចាក់សំឡេងខ្មោចរំខានពលរដ្ឋកម្ពុជានៅតំបន់ព្រំដែន។ នេះបើតាមការចេញផ្សាយពី Khoasod ។
ថ្ងៃទី១៨ តុលា ឆ្នាំ២០២៥ នេះ លោកស្រី Angkhana Neelapaijit និង លោក Phaichit សមាជិកព្រឹទ្ធសភា និងជាអតីតសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សជាតិ រួមជាមួយនឹងលោក Sunai Phasuk អ្នកស្រាវជ្រាវជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានដាក់ញត្តិជូន នាយឧត្តមសេនីយ៍ Kittirat Panphet អគ្គស្នងការនគរបាលជាតិថៃ ដើម្បីចាត់វិធានការផ្លូវច្បាប់ទៅលើអ្នកដែលគម្រាមគំហែងសម្លាប់ លោកស្រី និងក្រុមគ្រួសារ លើបណ្ដាញសង្គមអ៊ីនធឺណេត។
លោកស្រី Angkhana Neelapaijit បញ្ជាក់ថា ការដាក់លិខិតទៅអគ្គស្នងការនគរបាលជាតិនៅថ្ងៃនេះ ដលម្បីស្នើសុំឱ្យមានការស៊ើបអង្កេតលើការចោទប្រកាន់ពីបទយាយីតាមប្រព័ន្ធអ៊ីនធឺណិត។
រួមមានការគម្រាមសម្លាប់លោកស្រី និងក្រុមគ្រួសារ រួមទាំង លោក ស៊ុន ណៃ ផងដែរ បន្ទាប់ពីលោកស្រីបានបង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍ល្បីៗមួយចំនួន។
គួរបញ្ជាក់ថា លោកស្រី Angkhana Neelapaijit សមាជិកព្រឹទ្ធសភាថៃ បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីក្រុមជាតិនិយមជ្រុលថៃ។
ការរិះគន់កើតឡើង បន្ទាប់ពីសមាជិកព្រឹទ្ធសភារូបនេះ បានចេញមុខព្រមានប្រឆាំងនឹងការប្រើប្រាស់យុទ្ធសាស្ត្របំភិតបំភ័យ រួមមាន ការចាក់ផ្សាយសំឡេងខ្មោច ឆ្កែព្រុស ឆ្កែ និងសំឡេងយន្តហោះ ដែលមានគោលបំណងសំដៅទៅលើប្រជាជនកម្ពុជា ដែលតាំងទីលំនៅនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយជួយ ដោយចាត់ទុកថា សកម្មភាពនេះ បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបន្ថោកបន្ទាប ផ្ទុយពីច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់ក្នុងប្រទេសថៃផងដែរ៕

