2025-10-18 11:21
11

កងទ័ពថៃ នៅតែបន្តការអនុញ្ញាតឱ្យផ្សាយសំឡេងរំខានទៅកាន់ប្រជាជនកម្ពុជា ដែលរស់នៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលអាចជាការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ សេចក្តីគោរពមូលដ្ឋានរបស់អង្គការសហប្រជាជាតិអំពីការពារប្រជាជនស៊ីវិល និងកាតព្វកិច្ចរបស់ថៃ ក្រោមកិច្ចព្រមព្រៀងអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR)។ 

ច្បាប់ទាំងនេះ ការពារប្រជាជនស៊ីវិល ពីការរំខាន, ការយាយី, ការបំភិតបំភ័យ, ការគំរាមកំហែង និងអំពើប៉ះពាល់ ដោយកំណត់ឱ្យរដ្ឋមានកាតព្វកិច្ចធានាសិទ្ធិរបស់បុគ្គលគ្រប់រូបនៅក្រោមសិទ្ធិសុវត្ថិភាពរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ Thai Enquire កាលពីយប់ថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥នេះ។ 

ក្រុមជ្រុលនិយមថៃ មកពីខេត្ត Ratchaburi, Kanchanaburi និង Nonthaburi ដែលដឹកនាំដោយ លោក Guntouch Pongpaiboonwet ត្រូវបានកងទ័ពថៃ អនុញ្ញាតឱ្យចូលទៅតំបន់ព្រំដែនជាថ្មីម្តងទៀត ទោះមានស្ថានភាពប្រកាសច្បាប់យោធាក្នុងតំបន់នោះក៏ដោយ។

ការចាក់ផ្សាយទាំងនោះ រួមមានទាំងភ្លេងជាតិថៃ និងកំណត់ហេតុប្រវត្តិសាស្ត្រនៃជំរុំជនភៀសខ្លួនណងចាន់ ដែលត្រូវបានគេស្គាល់ថាជា «ជំរុំលេខ៥១១» ដែលនាំឱ្យមានការតាំងទីលំនៅរបស់ប្រជាជនកម្ពុជា នៅក្នុងតំបន់ដែលអាជ្ញាធរថៃអះអាងថា ស្ថិតនៅលើទឹកដីថៃ។ ការចាក់ផ្សាយទាំងនេះត្រូវបានគេរាយការណ៍ថា បានបង្កឱ្យមានភាពមិនសប្បាយចិត្តក្នុងចំណោមប្រជាជនស៊ីវិលកម្ពុជា ដែលបង្កឱ្យមានការព្រួយបារម្ភក្រោមច្បាប់អន្តរជាតិទាក់ទងនឹងការការពារជនស៊ីវិលពីគ្រោះថ្នាក់ផ្លូវចិត្ត។

ចំពោះការចោទប្រកាន់ថា ប្រជាពលរដ្ឋកម្ពុជា ថាដែលតាំងទីលំនៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ គឺស្ថិតក្នុងទឹកដីរបស់ថៃនោះ កម្ពុជាបដិសេធជាបន្តបន្ទាប់ ព្រោះពលរដ្ឋកម្ពុជា បានរស់នៅ និងអាស្រ័យផលនៅទីនោះជាយូណាស់មកហើយ។

បច្ចុប្បន្ននេះ អង្គការសិទ្ធិមនុស្សមួយចំនួនកំពុងប្រមូលភស្តុតាង ដើម្បីធ្វើរបាយការណ៍ផ្លូវការទៅអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសិទ្ធិមនុស្ស (UNHRC) ស្តីពី សកម្មភាពនៃកងទ័ពថៃ និងការរំលោភសិទ្ធិប្រជាជនស៊ីវិលកម្ពុជា៕