
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកម្មវិធីបរិច្ចាគឈាមលើកទី៥ ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់»។ ពិធីនេះសហការរៀបចំដោយ ស.ស.យ.ក. ក្រសួងផែនការ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលប្រារព្ធឡើងនៅសាលប្រជុំ ទីស្តីការក្រសួងផែនការ។
លើកឡើងក្នុងពិធីបើក លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ស.ស.យ.ក. ក្រសួងផែនការ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានសហការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ និងជាពិសេសមន្ត្រីរាជការដែលបានចូលរួមបរិច្ចាគឈាម ប្រកបដោយទឹកចិត្តសប្បុរស និងឆន្ទៈមនុស្សធម៌ដ៏បរិសុទ្ធ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «កម្មវិធីនេះ មិនមែនគ្រាន់តែជាយុទ្ធនាការបរិច្ចាគឈាមប៉ុណ្ណោះទេ ប៉ុន្តែវាជាការបង្ហាញនូវស្មារតីសាមគ្គីភាពជាតិដ៏ឧត្តុង្គឧត្តម ការផ្ដល់ក្តីស្រលាញ់ចំពោះជនរួមជាតិ សង្គ្រោះអាយុជីវិតជនរងគ្រោះដែលមានតម្រូវការឈាមបន្ទាន់ ជាពិសេសជាការយកចិត្តទុកដាក់ជាប់មិនដាច់ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពសមរភូមិមុខ ដែលបាននិងកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី និងរក្សាសន្តិសុខជាតិ ប្រកបដោយការលះបង់ដ៏ធំធេង»។
លោករដ្ឋមន្ត្រី បានគូសរំលឹកថា ការអភិវឌ្ឍប្រកបដោយចីរភាព ទាមទារការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសុខមាលភាព ហើយការរួមចំណែកក្នុងកិច្ចការសុខភាពសាធារណៈ ជាពិសេសការផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់នូវតម្រូវការឈាម ជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព គឺដើម្បីធានាថា ពេលមានជនរងគ្រោះដែលត្រូវការឈាមបន្ទាន់ ឬប្រឈមមុខខ្ពស់នឹងហានិភ័យអាយុជីវិតដូចជា វីរកងទ័ពការពារព្រំដែនដ៏អង់អាចក្លាហានរបស់យើង អាចទទួលបានការសង្គ្រោះទាន់ពេលវេលា។
លោករដ្ឋមន្ត្រី បានគូសបន្ថែមថា ដំណក់ឈាមដែលបងប្អូនមន្ត្រីរាជការបរិច្ចាគនៅថ្ងៃនេះ នឹងក្លាយជាអាយុជីវិតថ្មី ជាក្តីសង្ឃឹមសម្រាប់សង្គ្រោះជនរងគ្រោះ ឬអ្នកជំងឺត្រូវការឈាមបន្ទាន់ ដោយមិនគិតអំពីការតបស្នង ដែលនេះបង្ហាញថា យើងទាំងអស់គ្នា គឺជាមហាគ្រួសារខ្មែរតែមួយ។ ការបរិច្ចាគឈាម មិនត្រឹមតែជាការងារមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែក្នុងករណីមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ការផ្គត់ផ្គង់ឈាមបន្ទាន់ និងគ្រប់គ្រាន់ គឺជាកត្តាកំណត់ជោគវាសនាអាយុជីវិតរបស់ជនរងគ្រោះ និងជាពិសេសការកាត់បន្ថយហានិភ័យកង្វះឈាមផ្គត់ផ្គង់ជូនបងប្អូនវីរកងទ័ពការពារព្រំដែន ដែលបានលះបង់កម្លាំងកាយចិត្ត និងហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជន និងការការពារដែនអធិបតេយ្យភាពកម្ពុជា។ ក្រៅពីនេះ ការផ្គត់ផ្គង់ឈាមបន្ទាន់ និងគ្រប់គ្រាន់ ក៏ជាការត្រៀមបម្រុងទុកជាយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបទៅនឹងគ្រោះអាសន្ននានាផងដែរ។
ជាមួយគ្នានេះ លោកមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះយុវជនខ្មែរ ជាពិសេសក្រោមឆ័ត្រ ស.ស.យ.ក. ដែលតែងបានចូលរួមរាល់សកម្មភាពនានាបម្រើដល់សង្គមជាតិ ប្រកបដោយស្មារតីស្នេហាជាតិ ឆន្ទៈមនុស្សធម៌ និងការទទួលខុសត្រូវខ្ពស់, និងបានលើកទឹកចិត្តដល់យុវជនទាំងអស់ បន្តធ្វើជាគំរូល្អ តាមរយៈការចូលរួមបរិច្ចាគឈាមឱ្យបានទៀងទាត់ តាមការស្ម័គ្រចិត្ត និងជួយផ្សព្វផ្សាយអំពើល្អនេះ ដល់មិត្តភក្តិបងប្អូនដែលនៅជុំវិញខ្លួន និងសហគមន៍ដែលខ្លួនរស់នៅ ឲ្យបានទូលំទូលាយ៕

