ថៃ៖ គណបក្សភឿថៃ (Pheu Thai Party) បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា គណបក្សមិនមានគម្រោងជ្រើសរើសសមាជិកណាម្នាក់ មកពីគ្រួសារ “ស៊ីណាវ៉ាត្រ” ឡើយ ដើម្បីកាន់តំណែងជាប្រធានគណបក្សថ្មី បន្ទាប់ពីការលាលែងរបស់ លោកស្រី Paetongtarn Shinawatra អតីតនាយករដ្ឋមន្ត្រីត្រូវបណ្តេញពីតំណែងដែលបានប្រកាសចេញពីតំណែងនៅដើមសប្ដាហ៍នេះ។
អ្នកនាំពាក្យរបស់គណបក្សភឿថៃ បាននិយាយថា ការជ្រើសប្រធានគណបក្សថ្មី នឹងធ្វើឡើងតាមនីតិវិធីជាផ្លូវការ នៅសម័យប្រជុំក្រុមប្រឹក្សាភិបាលគណបក្ស ដែលនឹងប្រព្រឹត្តឡើងក្នុងពេលឆាប់ៗនេះ។
គណបក្សនឹងពិនិត្យយកតែបេក្ខជនដែលមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ ដើម្បីដឹកនាំគណបក្សឲ្យបន្តស្ថិរភាពនយោបាយ និងគោលនយោបាយសង្គមសេដ្ឋកិច្ចដែលបានដាក់អនុវត្ត។
ប្រភពមួយនៅក្នុងគណបក្សបានប្រាប់សារព័ត៌មានថា ការសម្រេចចិត្តមិនយកសមាជិកត្រកូលស៊ីណាវ៉ាត្រ ឡើងជាមេបក្សជាថ្មី គឺជាជំហរដែលមានគោលបំណងបង្ហាញពីភាពឯករាជ្យ និងប្តេជ្ញាចិត្តបើកទូលាយឱ្យនយោបាយជំនាន់ថ្មី មានឱកាសកាន់តំណែងដឹកនាំ។
ប្រភពបាននិយាយ “គណបក្សចង់បង្ហាញថា ភឿថៃ មិនមែនជាគណបក្សមួយរបស់គ្រួសារណាមួយទេ ប៉ុន្តែជាគណបក្សរបស់ប្រជាជន ដែលបើកទូលាយសម្រាប់អ្នកដែលមានសមត្ថភាព និងចិត្តស្មោះត្រង់ចំពោះសេវាសាធារណៈ”។
ការលាលែងរបស់លោកស្រី Paetongtarn ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រី Thaksin Shinawatra បានកើតឡើងក្នុងបរិបទនយោបាយអវសានមួយ ដែលមានសម្ពាធខ្លាំងក្នុងគណបក្ស ស្តីពី ទិសដៅ និងការផ្លាស់ប្តូរគោលនយោបាយក្នុងអនាគត។
គណបក្សភឿថៃ បច្ចុប្បន្នជាគណបក្សដឹកនាំរដ្ឋាភិបាល ដែលមានសមាជិកសភា និងរដ្ឋមន្ត្រីជាច្រើនកាន់តំណែងសំខាន់ៗ។ ការជ្រើសប្រធានគណបក្សថ្មី ត្រូវបានគេរំពឹងថា នឹងកំណត់ទិសដៅនយោបាយ និងភាពជឿជាក់របស់គណបក្សនៅមុខប្រជាជនថៃ នៅពេលប្រជាមាតិក្រោយៗ៕





