2025-11-15 11:36
6

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី១៤ វិច្ឆិកា បានបញ្ជាក់ថា លោកកំពុងដំណើរការប្តឹងតាមផ្លូវច្បាប់ ប្រឆាំងនឹងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយពិភពលោកដ៏ធំ BBC ជាមួយការគម្រាមទាមទារសំណងចំនួន ១ ពាន់លានដុល្លារទៅ ៥ ពាន់លានដុល្លារក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយពី CNBC។

ទូរទស្សន៍សាធារណៈរបស់ចក្រភពអង់គ្លេសខាងលើ កំពុងស្ថិតក្នុងវិបត្តិដ៏ធ្ងន់ធ្ងរបន្ទាប់ពីបានកាត់តវីដេអូក្លែងបន្លំអន្ថន័យ ក្នុងភាពយន្តឯកសារនៃសុន្ទរកថារបស់ លោក ត្រាំកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១។ ដែលការកែសម្រួលនេះមើលទៅដូចជាគាត់ កំពុងលើកទឹកចិត្តយ៉ាងច្បាស់ដល់អ្នកគាំទ្ររបស់គាត់ឱ្យវាយប្រហារវិមាន Capitol របស់សហរដ្ឋអាមេរិក។

ខណៈដែលការព្រួយបារម្ភអំពីការកែសម្រួលភាពយន្តឯកសារ បានលេចចេញជារូបរាង ទូរទស្សន៍ BBC បានឈានចូលទៅក្នុងស្ថានភាពយ៉ាប់យ៉ឺន ដោយទាំងអគ្គនាយក និងប្រធានផ្នែកព័ត៌មានបានលាលែងពីតំណែង។ 

ទន្ទឹមនឹងនេះ ប្រធាន BBC លោក Samir Shah កាលពីថ្ងៃព្រហស្បតិ៍បានសុំទោស លោក ត្រាំ ចំពោះ "កំហុសនៃការវិនិច្ឆ័យ" ជុំវិញការកែសម្រួលនេះ និងបានយល់ព្រមមិនបង្ហាញភាពយន្តឯកសារម្តងទៀតនៅលើវេទិកាណាមួយរបស់ខ្លួននោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Trump បានប្រាប់ Fox News នៅសប្តាហ៍នេះថាគាត់មាន "កាតព្វកិច្ច" ដើម្បីប្តឹង BBC ។

យ៉ាងណាមិញ ជុំវិញបញ្ហាចម្រូកសម្រាស់នេះ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោកKeir Starmer ក៏បានធ្វើអត្ថាធិប្បាយដោយបង្ហាញពីការខឹងសម្បារកាលពីថ្ងៃពុធកន្លងទៅ និងបានប្រាប់សមាជិកសភាថា គាត់ជឿជាក់លើ "ទូរទស្សន៍ BBC ខ្លាំង និងឯករាជ្យ"។ 

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសរូបនេះនិយាយថា វាមិនមែនជាលើកទីមួយទេដែលលោក Trump បានបន្តចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងអង្គការប្រព័ន្ធផ្សព្វផ្សាយធំៗ ជាមួយនឹងការប្តឹងផ្តល់ប្រឆាំងនឹងកាសែតដូចជា Wall Street Journal, CNN, CBS, ABC និង New York Times ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយករណីខ្លះត្រូវបានដោះស្រាយ ហើយករណីផ្សេងទៀតត្រូវបានច្រានចោល៕