2025-11-15 15:36
13

ថៃ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា នេះ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបង្ហើបថា លោកបានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក Donald Trump ទាក់ទងនឹងភាពតានតឹងចុងក្រោយរវាងប្រទេសថៃ និងកម្ពុជា។ 

តាមការចុះផ្សាយដោយ Khaosod នាយករដ្ឋមន្រ្តីរូបនេះ បាននិយាយថា “ខ្ញុំបានបញ្ជាក់ថា រដ្ឋាភិបាលថៃនឹងផ្អាកប្រតិបត្តិការក្រោមលក្ខខណ្ឌដែលមានចែងក្នុងសេចក្តីប្រកាស រហូតទាល់តែកម្ពុជាទទួលយកថាខ្លួនមិនបានគោរពតាម និងបំពានលក្ខខណ្ឌនោះទេ ហើយចេញសេចក្តីថ្លែងការណ៍សុំទោសដល់ប្រជាជនថៃ ចំពោះឧប្បត្តិហេតុដែលបានកើតឡើង ដែលបណ្តាលឲ្យទាហានថៃរងរបួស និងបាត់បង់អវៈយវៈ។”

គួរបញ្ជាក់ឲ្យដឹងថា ក្រោយទាហានថៃជាន់មីន នៅជិតប្រាសាទព្រះវិហារ និងមិនទាន់បានស៊ើបពីឧប្បតិ្តហេតុនេះឲ្យបានច្បាស់លាស់ផង ស្រាប់តែកាលពីថ្ងៃទី១២ វិច្ឆិកា កន្លងទៅ ទាហានថៃបានធ្វើសកម្មភាពដ៏ព្រៃផ្សៃ ក្នុងការបាញ់ជនស៊ីវិលស្លូតត្រង់កម្ពុជា ដែលបណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសបីនាក់។ 

សកម្មភាពឃោរឃៅនេះ ចាត់ទុកថាជាទង្វើមិនអាចទទួលយកបាន អ្វីដែលរឹតតែគួរឲ្យហួសចិត្តជាងនេះនោះ ក្រោយប្រព្រឹត្តសកម្មភាពបំពានលើកម្ពុជាយ៉ាងគឃ្លើនបែបនេះហើយ បែរជានាយករដ្ឋមន្រ្តីថៃមិនអើពើនិងថែមទាំង ចង់ឲ្យកម្ពុជាចេញសេចក្ដីថ្លែងការណ៍សូមទោសប្រជាជនថៃជាសាធារណៈថែមទៀតផង៕