ថៃ៖ ថៃបានទទួលការជូនដំណឹងពីអនុតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៤ វិច្ឆិកា ម្សិលមិញថា ភាគីអាមេរិកបានស្នើសុំផ្អាកការចរចាជាបណ្តោះអាសន្នសម្រាប់កិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្មទៅវិញទៅមកថៃ-អាមេរិក។ ការចរចាអាចចាប់ផ្តើមឡើងវិញបាននៅពេលភាគីថៃប្ដេជ្ញាគោរពតាមសេចក្តីថ្លែងការណ៍រួម។ នេះបើតាមការបញ្ជាក់ពី លោក Nikorndej Balankura អគ្គនាយកនៃនាយកដ្ឋានព័ត៌មាន និងជាអ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់សារព័ត៌មានថៃ នៅថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៥។
តាមការចុះផ្សាយដោយ Khaosod បានឲ្យដឹងថា ថៃមានស្រងាកចិត្តជាខ្លាំងចំពោះជំហររបស់តំណាងពាណិជ្ជកម្មអាមេរិក ដែលបានជូនដំណឹងផ្អាកការចរចាពន្ធពាណិជ្ជកម្មជាមួយប្រទេសខ្លួន។
សូមជម្រាបឲ្យដឹងថា កាលពីថ្ងៃទី១២ វិច្ឆិកា កន្លងទៅ លោក អានុទីន បានប្រកាសអួតក្ដែងៗដោយមិនញញើតមហាអំណាចអាមេរិកបន្តិចសោះថា ប្រសិនបើ លោក ត្រាំ មិនពេញចិត្តជាមួយប្រទេសថៃក្នុងការលុបចោលកិច្ចព្រមព្រៀងសន្តិភាព លោកក៏មិចខ្វល់ពីពន្ធគយរបស់សហរដ្ឋអាមេរិកដែរ ព្រោះថៃបានត្រៀមខ្លួនជាស្រេចដើម្បីស្វែងរកទីផ្សារថ្មីរួចហើយ។
ខណៈនេះសម្ដីដែលបានប្រលែងចេញពីមាត់ ត្រូវបាននាយករដ្ឋមន្ត្រីថៃលេបចូលវិញដោយមិនរអើម ព្រោះយោងតាមការបង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោក នៅថ្ងៃទី១៥ វិច្ឆិកា ដដែលនេះ លោក អានុទីន បានសូមឲ្យ លោក ត្រាំ កាត់បន្ថយអត្រាពន្ធសម្រាប់ប្រទេសថៃបន្ថែមទៀត។
ជុំវិញការព្យាយាមបន្ទន់ឥរិយាបថស្នើសូមរបស់ថៃ លោក ត្រាំ បានឆ្លើយយ៉ាងខ្លីវិញថា អត្រាពន្ធ ១៩% ដែលថៃទទួលគឺទាបណាស់ហើយ។ ហាក់មិនអស់ចិត្តនឹងការឆ្លើយតបពីអាមេរិក អានុទីន បានឆ្លើយត្រឡប់វិញថា បើពិតជាទាបមែន លោកនឹងមិនធ្វើដំណើរទៅកូរ៉េខាងត្បូង ដើម្បីសុំឱ្យ លោក ត្រាំ កាត់បន្ថយបន្ថែមទៀតទេ ព្រោះថៃសហការយ៉ាងល្អជាមួយសហរដ្ឋអាមេរិកក្នុងគ្រប់វិស័យ ហើយលោកសុំឱ្យ ត្រាំ ជួយយោគយល់ដល់មុខមាត់លោកផង៕





