2026-01-29 09:04
15

តៃវ៉ាន់, (Reuters) - ជាការឆ្លើយតបទៅនឹងការដែលទីក្រុងប៉េកាំង តែងតែបង្ហោះដ្រូន និងយន្តហោះគ្មានមនុស្សបើករបស់ពួកគេ ចូលមកក្នុងដែនកោះតៃវ៉ាន់ កងទ័ពអាកាសរបស់តៃវ៉ាន់ បានបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងការធ្វើសមយុទ្ធត្រៀម ដើម្បីបង្ហាញពីការហ្វឹកហាត់តម្រង់ទិសប្រយុទ្ធនៅលើអាកាស ជាមួយនឹងការបើកបង្ហាញយន្តហោះចម្បាំង F-16 ដ៏ទំនើបបំផុតរបស់ខ្លួន ក្នុងការត្រៀមទប់ទល់ជាមួយការគម្រាមរបស់ចិន។

តាម Reuter បានឲ្យដឹងថា កម្លាំងទ័ពអាកាសរបស់កោះតៃវ៉ាន់ តែងតែធ្វើប្រតិបត្តិការសមយុទ្ធត្រៀមប្រយុទ្ធដូចការពិតជាក់ស្ដែងនេះស្ទើរតែរាល់ថ្ងៃតែម្ដង ដើម្បីជាការហ្វឹកហាត់កម្លាំង ត្រួតពិនិត្យឧបករណ៍ត្រៀមប្រយុទ្ធ និងជាការព្រមានយន្តហោះរបស់ចិន ដែលតែងតែហោះហើរជុំវិញកោះតៃវ៉ាន់មិនលួសថ្ងៃ។ 

ទីក្រុងតៃប៉ិចាត់ទុកការបង្ហោះយន្តហោះគ្មានមនុស្សបើករបស់ចិនថា ជាការលុកលុយ និងជាផ្នែកនៃយុទ្ធនាការបៀតបៀនដែលកំពុងបន្ត ដើម្បីសាកល្បងទៅនឹងកងកម្លាំងរបស់តៃវ៉ាន់ ដែលចិនបានមើលស្រាលថា មានកម្លាំងតិចតួចជាងទីក្រុងប៉េកាំង។

ត្បិតកងកម្លាំងតៃវ៉ាន់ ហ្វឹកហាត់សមយុទ្ធត្រៀមប្រយុទ្ធដូចសមភូមិជាក់ស្ដែងជារៀងរាល់ថ្ងៃក៏ពិតមែន តែវាហាក់មិនទាន់គ្រប់គ្រាន់នោះទេសម្រាប់ការហ្វឹកហាត់របស់ពួកគេ។ ដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Lai Ching-te ជាអ្នកគ្រប់គ្រងកម្មវិធីទំនើបកម្មផ្នែកការពារជាតិតៃវ៉ាន់ បានជំរុញឱ្យកងកម្លាំងរបស់កោះនេះ ត្រូវតែបង្កើនឲ្យមានការហ្វឹកហ្វឺនច្រើនជាងនេះបន្ថែមទៀតឲ្យដូចទៅនឹងសមរភូមិជាក់ស្តែង ដើម្បីមានភាពងាយស្រួលក្នុងការត្រៀមទប់ទល់ជាមួយចិន។

ថ្វីត្បិតតៃវ៉ាន់ មានមាឌតូចជាងទីក្រុងប៉េកាំងក៏ពិតមែន ប៉ុន្តែប្រព័ន្ធបច្ចេកវិទ្យាអាវុធទំនើបរបស់កោះនេះ ក៏មិនអន់ប៉ុន្មានដែរ។ នៅឯមូលដ្ឋានទ័ពអាកាស Chiayi ក្នុងភាគខាងត្បូងតៃវ៉ាន់ យោធារបស់កោះនេះ បានត្រៀមផ្ទុកមីស៊ីលប្រឆាំងយន្តហោះប្រភេទ AIM-9M Sidewinder និង AIM-120 AMRAAM ដែលផលិតដោយសហរដ្ឋអាមេរិក ដាក់លើយន្តហោះប្រភេទ Lockheed Martin (LMT.N) ដែលជាការបើកផ្ទាំងថ្មីរបស់ F-16V ដោយមានសមត្ថភាពហោះហើរត្រឡប់ទៅលើអាកាសបានយ៉ាងឆាប់រហ័ស និងក្នុងរយៈពេលខ្លី។

យោងតាមមន្ត្រីផ្ទុកអាវុធ លោក Wu Bo-jhih បានឲ្យដឹងថា យន្តហោះចម្បាំងនេះ មានសមត្ថភាពហោះហើរបានលឿន ដោយប្រើរយៈពេលដ៏ខ្លីបំផុតប៉ុណ្ណោះ ហើយវាអាចបំពេញការផ្គត់ផ្គង់គ្រាប់រំសេវ និងចាក់ប្រេងឡើងវិញបាន ដែលមានភាពងាយស្រួលក្នុងការចេញដំណើរយ៉ាងលឿនទៅលើការវាយប្រហារ៕