2026-01-29 11:48
8

ឌូបៃ៖ ប្រភពជាច្រើនបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងថ្លឹងថ្លែងជម្រើសដើម្បីប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដែលរួមមានការវាយប្រហារតាមគោលដៅលើកងកម្លាំងសន្តិសុខ និងមេដឹកនាំរបស់អ៊ីរ៉ង់ ដើម្បីជាគន្លឹះបំផុសគំនិតក្រុមបាតុករជាថ្មីឲ្យផ្ដួលរលំរបបដឹកនាំរបស់អ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ Reuter នៅថ្ងៃទី២៩ មករា ឆ្នាំ២០២៦។ 

យោងតាមប្រភពពីររបស់សហរដ្ឋអាមេរិក ដែលដឹងពីការពិភាក្សារបស់ លោក ត្រាំ បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក ចង់បង្កើតលក្ខខណ្ឌមួយសម្រាប់ ការផ្លាស់ប្តូររបបនៅអ៊ីរ៉ង់ បន្ទាប់ពីប្រទេសនេះបានបង្ក្រាប និងកំទេចចលនាតវ៉ារបស់ក្រុមបាតុករទូទាំងប្រទេសកាលពីដើមខែមករាកន្លងទៅ ដោយបានសម្លាប់មនុស្សរហូតដល់រាប់ពាន់នាក់។

ជាការឆ្លើយតបទៅនឹងការសម្លុតគម្រាមរបស់អាមេរិក អ៊ីរ៉ង់បានព្រមានទៅ លោក ត្រាំ វិញថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ហ៊ានវាយប្រហារខ្លួនមែន នោះទីក្រុងអេតេរ៉ង់ នឹងវាយកំទេចទីក្រុង តេអាវីវ របស់អ៊ីស្រាអែលភ្លាមៗតែម្ដង ដែលជាដៃជើង និងសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់មហាអំណាចអាមេរិក។

តាមការចេញផ្សាយពី AFP បានឲ្យដឹងថា សម្ដីដែលវាយប្រហារការព្រមានទៅអាមេរិកវិញនេះ ចេញពីមាត់របស់ទីប្រឹក្សាមេដឹកនាំអ៊ីរ៉ង់ លោក Ali Shamkhani ដែលបានប្រកាសកាលពីថ្ងៃទី២៨ មករា ថា រាល់សកម្មភាពយោធាពីសំណាក់សហរដ្ឋអាមេរិក ទោះជាមានប្រភពចេញពីណា ឬមានទ្រង់ទ្រាយកម្រិតណាក៏ដោយ នោះនឹងត្រូវចាត់ទុកថាជាការប្រកាសសង្គ្រាមហើយ។ ការឆ្លើយតបនឹងធ្វើឡើងភ្លាមៗ ក្នុងទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមក ជាពិសេសកំណត់គោលដៅចំបេះដូងនៃទីក្រុងតេអាវីវនិងអ្នកទាំងឡាយណាដែលគាំទ្រជនឈ្លានពានពីអាមេរិកតែម្តង៕