2026-01-29 15:40
6

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអូស្ត្រាលី លោក សាវ ចៀន (Xiao Qian) បានព្រមានទីក្រុង Canberra ថា បានប្រឆាំងនឹងការកាន់កាប់កំពង់ផែដែលជួលទៅឱ្យក្រុមហ៊ុនចិន។ មិនតែប៉ុណ្ណោះ ឯកអគ្គរដ្ឋទូតចិនខាងលើក៏បានរិះគន់ចំណាត់ការរបស់រដ្ឋាភិបាលអូស្ត្រាលីផងដែរ ដោយចោទថា ប្រទេសនេះគ្មានសីលធម៌ និងមិនចេះធ្វើអាជីវកម្មនោះទេ។

តាមការចេញផ្សាយពី Al Jazeera នៅថ្ងៃទី២៩ មករានេះ បានឲ្យដឹងថា ក្រុមហ៊ុន Landbridge Group ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីចិន លោក យៀ ឆឹង (Ye Cheng)បានគ្រប់គ្រងទីក្រុង Port Darwin ដែលមានទីតាំងនៅតំបន់ភាគខាងជើងដាច់ស្រយាលរបស់ប្រទេសអូស្ត្រាលី ចាប់តាំងពីឆ្នាំ 2015 ក្រោមកិច្ចព្រមព្រៀងដែលអូស្រ្តាលីបានជួលទីក្រុងនេះឲ្យចិនរយៈពេល 99 ឆ្នាំ។ 

លើសពីនេះ អាជ្ញាធរអូស្ត្រាលីបានឈានដល់ការធ្វើកិច្ចព្រមព្រៀងនេះជាមួយចិនក្នុងតម្លៃជួលចំនួន 350 លានដុល្លារ ជាមួយក្រុមហ៊ុន Landbridge ដែលមានមូលដ្ឋាននៅខេត្ត Shandong ក្នុងក្តីសង្ឃឹមដើម្បីពង្រីកកំពង់ផែនឹងធ្វើឱ្យសេដ្ឋកិច្ចនៃទឹកដីជនបទដែលដាច់ស្រយាលនេះ មានភាពរស់រវើកឡើងវិញ។

ប៉ុន្តែមិនទាន់ដល់ពេលកំណត់ផង ស្រាប់តែនាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Anthony Albanese បានសន្យាថានឹងប្រគល់កំពង់ផែនេះទៅឱ្យការគ្រប់គ្រងរបស់អូស្ត្រាលីវិញក្នុងអំឡុងពេលយុទ្ធនាការមុនការបោះឆ្នោតជាតិរបស់លោក កាលពីខែឧសភាឆ្នាំមុន។ 

ដោយនាយករដ្ឋមន្ត្រីអូស្រ្តាលីខាងលើនិយាយថា កំពង់ផែនេះគួរតែគ្រប់គ្រងដោយក្រុមហ៊ុនក្នុងស្រុកឬរដ្ឋាភិបាលអូស្រ្តាលី។

ដោយនៅមិនសុខ ក្នុងការប្រកាសខុសពីការដែលបានព្រមព្រៀងគ្នារបស់នាយករដ្ឋមន្រ្តីអូស្រ្តាលី ស្រាប់តែឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសនេះ បានលើកជាសម្ដីចាក់ដោតឲ្យអូស្រ្តាលីពិចារណាថា "នៅពេលដែលអ្នកបាត់បង់លុយ អ្នកចង់ជួលវាទៅឱ្យក្រុមហ៊ុនបរទេស ហើយនៅពេលដែលវារកលុយបាន តើអ្នកចង់យកវាមកវិញមែនទេ?"

ឯកអគ្គរដ្ឋទូតចិនខាងលើបន្តដោយមិនសុខចិត្តថា ទីក្រុងប៉េកាំងនឹងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីការពារផលប្រយោជន៍របស់ក្រុមហ៊ុន Landbridge ប្រសិនបើរដ្ឋាភិបាលអូស្ត្រាលីនៅតែព្យាយាមផ្លាស់ប្តូរកិច្ចព្រមព្រៀងជួលដោយបង្ខំបែបនេះ។ 

ឆ្លើយតបទៅនឹងការព្រមានរបស់ឯកអគ្គរដ្ឋទូតចិន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីម័រខាងកើតកាលពីថ្ងៃពុធ លោក អាល់បានី នៅតែមិនផ្លាស់ប្ដូរពីជំហររបស់គាត់ ក្នុងការចង់ប្រគល់កន្លែងកំពង់ផែនេះទៅឱ្យការគ្រប់គ្រងរបស់អូស្ត្រាលីដដែល ដោយលោកពណ៌នាថាវាស្ថិតនៅក្នុងផលប្រយោជន៍ជាតិរបស់អូស្រ្តាលី។

គួរឲ្យដឹងថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មកំពូលរបស់អូស្ត្រាលី ជាមួយនឹងពាណិជ្ជកម្ម ដែលមានទឹកប្រាក់សរុប 218 ពាន់លានដុល្លារ ក្នុងឆ្នាំ2024-25 ទោះបីជាទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងកង់បេរ៉ា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះកំពុងមានជម្លោះលើបញ្ហាដូចជាសន្តិសុខជាតិ និងសិទ្ធិមនុស្សយ៉ាងណាក៏ដោយ៕