ខណៈពិភពលោកកំពុងរោលរាលដោយភ្លើងសង្គ្រាម អាមេរិកគម្រាមវាយប្រហារលើអ៊ីរ៉ង់ រុស្ស៊ីនិងអ៊ុយក្រែនបន្តសង្គ្រាមដ៏រ៉ាំរ៉ៃ តៃវ៉ាន់ប្រឹងហ្វឹកហាត់ធ្វើសមយុទ្ធត្រៀមទប់ទល់នឹងចិន តែក្រឡេកមកមើលប្រទេសដ៏ឯការដូចកូរ៉េខាងជើងវិញ បែរជាសង្ងំពង្រីកផែនការ ក្នុងការពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ប្រទេសខ្លួន ដើម្បីត្រៀមកម្លាំងទប់ទល់នឹងសង្គ្រាមលោកដែលអាចកើតឡើងនៅថ្ងៃអនាគតទៅវិញ។
តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងបង្ហាញផែនការពង្រឹងកងកម្លាំងនិងអាវុធនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងកិច្ចប្រជុំគណៈគ្រប់គ្រងនាពេលខាងមុខនេះ។
របាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េ (KCNA) បានឲ្យដឹងថា លោក គីម បានបញ្ជាឱ្យមានការពង្រីកទំនើបកម្មនៃការផលិតមីស៊ីលរបស់ប្រទេសឲ្យកាន់តែមានសក្តានុពលទ្វេឡើង បន្ទាប់ពីលោកបានទៅត្រួតពិនិត្យការសាកល្បងបាញ់កាំជ្រួចចុងក្រោយបំផុតជាបន្តបន្ទាប់ នៅតំបន់ដ៏សំខាន់មួយក្នុងប្រទេសកូរ៉េខាងជើង។
តាម AI Jazeera បានឲ្យដឹងថា ខណៈកម្ដៅកំពុងពុះកញ្ជ្រោលខ្លាំងឡើងនៅមជ្ឈិមបូព៌ា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចេញការព្រមានប្រយោលមួយថា គាត់នឹងនាំមកនូវ "ការឈឺចាប់ផ្លូវចិត្តដ៏ក្រៀមក្រំ" ដល់សត្រូវរបស់គាត់ ប្រសិនជានរណាម្នាក់ហ៊ានបង្ករទុក្ខទោសមកលើកូរ៉េខាងជើង។
តាមការប្រកាសពីមេដឹកនាំកូរ៉េខាងជើងដ៏មានឥទ្ធិពលខាងលើបានឲ្យដឹងថា កាំជ្រួចដែលត្រូវបានបាញ់សាកល្បងដោយលោកផ្ទាល់ បានវាយប្រហារចូលក្នុងគោលដៅទៅសមុទ្រជប៉ុនដែលគេស្គាល់ថាជាសមុទ្រខាងកើត នៅក្នុងដែនទឹកនៅចម្ងាយ 358.5 គីឡូម៉ែត្រ។
តាមទីភ្នាក់ងារសារព័ត៌មានរដ្ឋជប៉ុន Jiji Press ដែលបានរាយការណ៍ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិ និងតាមការរាយការណ៍ពីយោធាកូរ៉េខាងត្បូងបានឲ្យដឹងដូចគ្នាថា ពួកគេបានរកឃើញមីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ដែលបាញ់ចេញពីភាគខាងជើងនៃទីក្រុងព្យុងយ៉ាងឆ្ពោះទៅកាន់សមុទ្រជប៉ុន។
យ៉ាងណាមិញ ជុំវិញការធ្លោះធ្លោយនៃការបាញ់សាកល្បងកាំជ្រួចនៃការផលិតគ្រឿងសព្វាវុធថ្មីពី លោក គីម ជុងអ៊ុន ខាងភាគីជប៉ុនធ្លាប់បានឆ្លើយតបដោយការប្ដឹងទៅលើប្រទេសនេះម្ដងរួចមកហើយ។ ប៉ុន្តែចំពោះការធ្លោះធ្លាយជាលើកទី២នេះ ជប៉ុននៅមិនទាន់មានប្រតិកម្មឆ្លើយទៅកាន់កូរ៉េខាងជើងវិញនៅឡើយទេ។
រង់ចាំមើលទាំងអស់គ្នាថា តើជប៉ុននឹងឆ្លើយតបទៅកូរ៉េខាងជើងវិញបែបណា?




