2026-01-29 11:02
12

ញូវដេលី - ប្រទេសឥណ្ឌាកំពុងតាមដានការឆ្លងមេរោគវីរុស Nipah ដោយរកឃើញមានពីរករណីទៀតត្រូវបានរាយការណ៍ពីរដ្ឋ West Bengal ភាគខាងកើតរបស់ខ្លួន ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនរួមទាំងប្រទេសថៃ កំពុងបង្កើនការត្រួតពិនិត្យអ្នកធ្វើដំណើរតាមផ្លូវអាកាសយ៉ាងតឹងរឹង។ 

ការបញ្ជាក់ពីការឆ្លងមេរោគដ៏កាចសាហាវនេះពីទីក្រុងដេលី បានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រទេសថៃបាននិយាយថា ខ្លួនបានរឹតបន្តឹងវិធានការត្រួតពិនិត្យនៅអាកាសយានដ្ឋាន ដោយសូម្បីតែម៉ាឡេស៊ីដែលជាប្រទេសជិតខាងក៏បានធ្វើតាមវិធានការរឹតបន្តឹងដូចពួកគេដែរ។

ក្រសួងឥណ្ឌាបានចេញការព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងពី ចំនួនអ្នកឆ្លងវីរុស Nipah ថា ខណៈនេះតួលេខមិនពិតទាក់ទងនឹងករណីវីរុស Nipah កំពុងត្រូវបានចែកចាយ។ ដោយការពិតទៅ អាជ្ញាធរឥណ្ឌាបានកំណត់អត្តសញ្ញាណ និងតាមដានអ្នកដែលបានប៉ះពាល់ជាមួយមនុស្សចំនួន ១៩៦ នាក់ ដែលជាប់ទាក់ទងនឹងករណីទាំងពីរនេះរួចហើយ ដោយគ្មាននរណាម្នាក់បង្ហាញរោគសញ្ញាអ្វីទាំងអស់ ហើយការធ្វើតេស្តបានបង្ហាញអវិជ្ជមានចំពោះវីរុសនេះផងដែរ។

យ៉ាងណាវិញ ករណីវីរុសកើតថ្មីនេះ ក្រសួងសុខាភិបាលថៃបានបង្ហាញពីក្ដីព្រួយបារម្ភខ្ពស់ចំពោះការភ័យខ្លាចឆ្លងរីលរាលដាលក្នុងប្រទេសរបស់ខ្លួន។ ដូច្នេះហើយបានជា ថៃបានរៀបចំមន្ទីរពេទ្យត្រៀមដាក់អ្នកជំងឺដែលឆ្លងវីរុសនេះដាច់ដោយឡែក មិនតែប៉ុណ្ណោះប្រទេសនេះក៏បានរឹតបន្តឹងខ្ពស់ ចំពោះអ្នកដំណើរទាំងឡាយណាដែលមកពីប្រទេសកំពុងផ្ទុះវីរុស Nipah ដោយត្រូវធ្វើសេចក្តីប្រកាសសុខភាពពួកគេជាមុនសិន មុនពេលឆ្លងកាត់មកក្នុងប្រទេសថៃ។ 

មិនត្រឹមតែថៃទេ សូម្បីក្រសួងសុខាភិបាលម៉ាឡេស៊ី ក៏បាននិយាយដែរថា ពួកគេកំពុងពង្រឹងការត្រៀមខ្លួន តាមរយៈការត្រួតពិនិត្យសុខភាពនៅតាមច្រកចូលអន្តរជាតិ ជាពិសេសសម្រាប់ការមកដល់ពីប្រទេសដែលមានហានិភ័យនៃការឆ្លងវីរុស Nipah នេះតែម្ដង។

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានធ្វើការប៉ាន់ប្រមាណពីអត្រាមរណភាពរបស់ Nipah អាចកើតមានពី 40% ទៅ 75% ឯណោះ ដែលអត្រានេះត្រូវបានគេចាត់ថ្នាក់វាថា ជាភ្នាក់ងារបង្កជំងឺដែលមានអាទិភាពខ្ពស់ក្នុងការបង្កឱ្យមានជំងឺរាតត្បាត។ ហើយវីរុសនេះមិនមានវ៉ាក់សាំងដើម្បីការពារការឆ្លង និងមិនទាន់មានថ្នាំដើម្បីព្យាបាលវានៅឡើយទេ៕