ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ មានករណី ផ្ទុះគ្រាប់បែកចង្កោម មួយកន្លែង បានកើតឡើងត្រង់ចំណុច ភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ស្ថិតតាមដងផ្លូវលេខ ៥៨។
តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា បុគ្គលិកក្រុមហ៊ុន SN ដែលកំពុងបំពេញការងារតបណ្តាញអគ្គិសនី បានដើរជាន់លើ គ្រាប់បែកចង្កោម ជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលនៅសល់ពីសង្គ្រាមសៀមឈ្លានពាន បណ្តាលឲ្យគ្រាប់បែកផ្ទុះភ្លាមៗ។
ហេតុការណ៍នេះ បានបណ្តាលឲ្យ បុគ្គលិកក្រុមហ៊ុន SN ចំនួន ០៣ នាក់ រងរបួសទាំងធ្ងន់ និងស្រាល ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅទទួលការព្យាបាលជាបន្ទាន់។
ក្រោយហេតុការណ៍នេះ អង្គភាពស៊ីម៉ាក់ (CMAC) បានអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋ វិស័យឯកជន និងអង្គភាពរដ្ឋទាំងអស់ ដែលកំពុងធ្វើសកម្មភាពនៅតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមសៀមឈ្លានពាន សូមមេត្តា សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ឬអង្គភាព CMAC ដែលកំពុងបំពេញភារកិច្ចនៅតំបន់នោះ ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ពី សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ៕






