2026-01-30 08:05
11

កំពង់ស្ពឺ៖ លោកអភិបាលខេត្តកំពង់ស្ពឺ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ដល់មេឃុំ ចៅសង្កាត់ និងអភិបាលក្រុង-ស្រុក ទាំងអស់ ត្រូវទទួលខុសត្រូវដោយផ្ទាល់លើការគ្រប់គ្រងសំរាម និងអនាម័យបរិស្ថាន តាមបណ្តោយផ្លូវជាតិ និងផ្លូវសំខាន់ៗក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រង។

លោក ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា «ការបោះចោលសំរាមគ្មានរបៀបរៀបរយ តាមដងផ្លូវជាតិធំៗ មិនត្រឹមតែប៉ះពាល់ដល់សោភ័ណភាពខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កហានិភ័យដល់សុខភាពសាធារណៈ បរិស្ថាន និងសុវត្ថិភាពចរាចរណ៍ផងដែរ»។

ការថ្លែងព្រមាននេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ត្រួតពិនិត្យ និងជំរុញ ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ក្នុងវេទិកានោះ មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខេត្ត លោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំង៣ប្រភេទ និងរអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ជាច្រើនរូប ដែលបានប្រារព្វនៅសាលប្រជុំធំ (វ៉ី សំណាង) ជាន់ទី២ នៃអគាររដ្ឋបាលខេត្តកំពង់ស្ពឺ។

អភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា «ប្រសិនបើអាជ្ញាធរមូលដ្ឋានណាមួយ មិនអាចរៀបចំគ្រប់គ្រងសំរាមតាមផ្លូវជាតិ និងតំបន់សាធារណៈឱ្យមានសណ្តាប់ធ្នាប់ នឹងត្រូវទទួលខុសត្រូវតាមវិន័យ និងអាចប្រឈមនឹងវិធានការតាមច្បាប់ ដោយមិនលើកលែងឡើយ»។

ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនការត្រួតពិនិត្យ ជំរុញកិច្ចសហការជាមួយក្រុមហ៊ុនប្រមូលសំរាម និងអប់រំប្រជាពលរដ្ឋឱ្យចូលរួមរក្សាអនាម័យ ដោយបោះសំរាមត្រឹមកន្លែងកំណត់។ 

លោកបានបញ្ជាក់ថា «បច្ចុប្បន្ននេះយើងមានថវិកា ដើម្បីគ្រប់គ្រងសំរាម ដូច្នេះអស់លោកជាមេឃុំ ចៅសង្កាត់ និងអិបាលក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងឱ្យតាមដងផ្លូវជាតិទាំងអស់ និងផ្លូវសំខាន់ក្នុងខេត្តកំពង់ស្ពឺ គ្មានសំរាម។ បើមានសំរាមលោកនឹងធ្វើលិខិតព្រមាន ចំនួន ០២ លើក មិនព្រមអនុវត្តទៀតនឹងមានវិធានការ»។

លោក ជាម ច័ន្ទសោភ័ណ្ឌ បានបន្ថែមថា «ការរក្សាផ្លូវជាតិឱ្យស្អាត គឺជាមុខមាត់ខេត្ត និងជាកាតព្វកិច្ចរួមរបស់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ ដើម្បីធ្វើឱ្យខេត្តកំពង់ស្ពឺកាន់តែមានសោភ័ណភាព និងទាក់ទាញការវិនិយោគ និងទេសចរណ៍»៕