ភ្នំពេញ៖ នៅចន្លោះពីយប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានអនុវត្តវិធានការបណ្តេញចេញ ជនជាតិមីយ៉ាន់ម៉ា សរុបចំនួន ៧២៩ នាក់ ក្នុងនោះមាន ស្ត្រី ២១៧ នាក់ ចេញពីកម្ពុជា តាមមរយៈយន្តហោះពិសេស ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។
ការអនុវត្តវិធានការនេះ ធ្វើឡើងតាម អនុសាសន៍ របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។ ជាក់ស្តែង លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឲ្យ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចាត់វិធានការបណ្តេញចេញជនជាតិមីយ៉ាន់ម៉ាទាំងនេះ។
តាមសេចក្តីរាយការណ៍ ជនបរទេសខាងលើ ពាក់ព័ន្ធនឹងករណី លួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំង គ្មានលិខិតឆ្លងដែនត្រឹមត្រូវ។ ការបណ្តេញចេញត្រូវបានអនុវត្តតាមរយៈយន្តហោះពិសេស ដោយអនុវត្តតាមនីតិវិធីច្បាប់ និងគោលការណ៍សុវត្ថិភាពយ៉ាងតឹងរឹង។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នឹងបន្តពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការគោរពច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕




