2026-01-30 07:38
8

ហ្វីលីពីន៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានប្រព្រឹត្តទៅនៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន។

លោកស្រី Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៦ បានបើកអង្គប្រជុំ ដោយជម្រាបជូនអំពី អាទិភាពសំខាន់ៗរបស់អាស៊ានសម្រាប់ឆ្នាំ២០២៦។ 

លោកស្រីបានសង្កត់ធ្ងន់លើការជំរុញឲ្យអាស៊ានរួមគ្នាដោះស្រាយបញ្ហាប្រឈមរួមនានានាពេលបច្ចុប្បន្ន ក៏ដូចជាបញ្ហាប្រឈមថ្មីៗដែលកំពុងលេចឡើង ដើម្បីកសាង សហគមន៍អាស៊ានប្រកបដោយនិរន្តរភាព និងភាពធន់ ស្របតាមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា»។

កិច្ចប្រជុំនេះ ក៏បានពិភាក្សាបន្តអំពីវឌ្ឍភាពនៃស្ថានការណ៍ ដែលបានលើកឡើងក្នុង កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ក្នុងឱកាសនេះ កម្ពុជាបានបញ្ជាក់សារជាថ្មីនូវ ការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដោះស្រាយបញ្ហានានា ដោយមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីធានានូវ សន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ាន៕