2026-01-30 07:44
9

ឧត្តរមានជ័យ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោមមួយ ដែលបានបណ្ដាលឱ្យបុគ្គលិកក្រុមហ៊ុនតបណ្តាញអគ្គិសនី ចំនួន ០៣នាក់ រងរបួសធ្ងន់ និងស្រាល នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

តាមការបញ្ជាក់ ឧប្បត្តិហេតុនេះបានកើតឡើង ខណៈដែលជនរងគ្រោះកំពុងបំពេញការងារតាមបណ្តាញអគ្គិសនីប្រចាំថ្ងៃ។ សោកនាដកម្មនេះ បានបង្ហាញយ៉ាងច្បាស់ពីគ្រោះថ្នាក់ធ្ងន់ធ្ងរ និងមិនរើសអើង ដែលបង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលនៅសល់ពីសង្គ្រាមកន្លងមក។

អាជ្ញាធរមីន បានសម្តែងនូវសមានចិត្តអាណិតអាសូរដោយស្មោះ ចំពោះបុគ្គលិកដែលរងរបួស និងក្រុមគ្រួសាររបស់ពួកគេ ព្រមទាំងបានអះអាងថា ស្ថាប័នខ្លួនត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រការសម្របសម្រួលការថែទាំវេជ្ជសាស្ត្រ ការស្តារនីតិសម្បទា និងសេវាជំនួយផ្សេងៗ ដល់ជនរងគ្រោះ។

អាជ្ញាធរមីន ក៏បានលើកឡើងថា ឧប្បត្តិហេតុនេះឆ្លុះបញ្ចាំងពីការពិតដ៏ឈឺចាប់មួយ ដែលកម្ពុជាតែងតែបានអំពាវនាវជាបន្តបន្ទាប់ គឺផលវិបាកមនុស្សធម៌ដែលបង្កឡើងដោយគ្រាប់បែកចង្កោម នឹងបន្តអូសបន្លាយ ទោះបីសង្គ្រាមបានបញ្ចប់ជាយូរហើយក៏ដោយ។ 

សំណល់ជាតិផ្ទុះនៅតែបង្កហានិភ័យដល់អាយុជីវិត រំខានដល់ជីវភាពរស់នៅ និងរារាំងដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាច្រើនទសវត្សរ៍ទៅមុខ។

អាជ្ញាធរមីនបានបញ្ជាក់ថា ជនរងគ្រោះភាគច្រើន មិនមែនជាកងកម្លាំងយោធាទេ ប៉ុន្តែជាជនស៊ីវិល ដូចជា កសិករ កម្មករ និងកុមារ ដែលជួបប្រទះគ្រោះថ្នាក់ក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

ក្នុងន័យនេះ អាជ្ញាធរមីន បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលកំពុងប្រតិបត្តិការ ក្នុងតំបន់ធ្លាប់មានជម្លោះ ឬតំបន់ព្រំដែន សូមសហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលស៊ីម៉ាក់ និងប្រតិបត្តិករសកម្មភាពមីនផ្សេងៗ មុនពេលអនុវត្តសកម្មភាពណាមួយ។

អាជ្ញាធរមីន បានសង្កត់ធ្ងន់ថា ការសិក្សាស្រាវជ្រាវ ការបោសសំអាតសំណល់ជាតិផ្ទុះ និងការអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់យុទ្ធភណ្ឌគ្រឿងផ្ទុះ នៅតែជាវិធានការដ៏មានប្រសិទ្ធភាពបំផុត ដើម្បីបង្ការ និងកាត់បន្ថយការរងគ្រោះជាបន្តបន្ទាប់។

ជាមួយគ្នានេះ កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដោះស្រាយកេរ្តិ៍ដំណែលនៃសំណល់ជាតិផ្ទុះពីសង្គ្រាម ប្រកបដោយការទទួលខុសត្រូវ និងគោរពគោលការណ៍មនុស្សធម៌ ដោយបន្តសហការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីការពារ និងលើកកម្ពស់សុវត្ថិភាពសហគមន៍៕