(ម៉ូស្គូ)៖ សង្ឃឹមដូចការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា លោករំពឹងថា ការអនុវត្តកិច្ចព្រមព្រៀងមួយរបស់រុស្ស៊ី នឹងមិនមានការបាញ់ប្រហារបន្តលើទីក្រុង Kyiv និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែននោះទេ ក្នុងរយៈពេលមួយសប្តាហ៍ ដោយសារតែបញ្ហាអាកាសធាតុត្រជាក់ក្នុងរដូវរងានេះ។
តាមការចេញផ្សាយពី Reuter នៅថ្ងៃទី៣០ មករានេះ លោក Zelenskiy ហាក់បង្ហាញពីការមិនទាន់ទុកចិត្តទាំងស្រុងទៅលើប្រធានាធិបតីរុស្ស៊ីនោះទេ ដោយប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានចោទជាសំណួរថា នៅថ្ងៃខាងមុខ តើទីក្រុងម៉ូស្គូនឹងគោរពតាមកិច្ចព្រមព្រៀងដោយផ្អាកការវាយប្រហារលើទីក្រុងកៀវបែបនេះដែរឬទេ?
តាមការបញ្ជាក់ពីប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងកិច្ចប្រជុំគណរដ្ឋមន្ត្រីអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ទី២៩ មករា ប្រមុខសេតវិមាន លោក ដូណាល់ ត្រាំ បានប្រាប់ទៅអ្នកសារព័ត៌មានថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានយល់ព្រមផ្អាកការវាយប្រហារអ៊ុយក្រែនមួយសប្តាហ៍សិន ស្របពេលប្រទេសនេះ កំពុងជួបប្រទះបញ្ហាអាកាសធាតុត្រជាក់ខ្លាំងបំផុត។
ជុំវិញការសម្រេចផ្អាកវាយប្រហារលើអ៊ុយក្រែនពី លោក ពូទីន បែបនេះ គឺយោងតាមការស្នើសូមដោយផ្ទាល់តែម្ដងពី លោក ត្រាំ ដែលជាបុរសមហាអំណាចរបស់អាមេរិក ដែលត្រូវបង្ខំឲ្យមេដឹកនាំវិមានក្រឹមឡាំង ត្រូវព្រមស្របតាមសំណើនេះមួយេយៈសិន។
ម្យ៉ាងដោយហេតុថា តាមការព្យាករ សីតុណ្ហភាពនៅទីក្រុងកៀវ នឹងចុះត្រជាក់ដល់ -១៣អង្សាសេនៅសប្តាហ៍នេះឯណោះ ដូច្នេះហើយ ប្រសិនបើរុស្ស៊ីនៅតែរឹងទទឹងបើកការវាយប្រហារទៀតនោះ វានឹងធ្វើឲ្យប្រជាជនអ៊ុយក្រែនត្រូវរងទុក្ខវេទនាមួយកម្រិតទៀត ជាពិសេសគឺត្រង់ការគ្មានអគ្គិសនីប្រើប្រាស់និងខ្វះកម្តៅតែម្តង។
លើសពីនេះ សូម្បីតែទាហានរុស្ស៊ី ក៏ត្រូវជួបការលំបាក ក្នុងការបើកប្រតិបត្តិការវាយប្រហារផងដែរ ដូចនេះ បើរុស្ស៊ីមិនបង្ខំចិត្តធ្វើតាមការស្នើសូមរបស់ លោក ត្រាំ ទេនោះ នឹងនាំឲ្យមានការខាតបង់ទាំងសងខាងយ៉ាងធ្ងន់ធ្ងរមិនថាទាំងរុស្ស៊ី និងអ៊ុយក្រែន នោះទេ៕






