2026-01-30 13:37
3

មិនមាននរណាម្នាក់បង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ឬតក់ស្លុតអ្វីនោះទេ នៅពេលដែលបានលេចឮព័ត៌មានថា ប្រទេសចិនសម្រេចប្រហារជីវិតយ៉ាងឆាប់រហ័សចំពោះសមាជិក ១១នាក់ នៃគ្រួសារឧក្រិដ្ឋកម្មដែលមានប្រភពមកពីភាគឦសាននៃប្រទេសមីយ៉ាន់ម៉ា។

តាមប្រភពពី BBC ដែលបានចេញផ្សាយនៅថ្ងៃទី៣០ មករានេះបានឲ្យដឹងថា យោងតាមក្រុមសិទ្ធិមនុស្ស ប្រទេសចិនបានប្រហារជីវិតមនុស្សជាច្រើនរាប់មិនអស់ក្នុងចំណោមប្រទេសផ្សេងទៀតក្នុងពិភពលោក ប៉ុន្តែចំពោះតួលេខពិតប្រាកដនៃការប្រហារជីវិតនេះគឺស្ថិតជាអាថ៌កំបាំងរបស់រដ្ឋក្នុងប្រទេសចិននៅឡើយ។ ជាធម្មតាទៅហើយក្នុងប្រទេសចិន មន្ត្រីត្រូវបានគេប្រហារជីវិតជាញឹកញាប់ដោយសារតែពីបទប្រព្រឹត្តអំពើពុករលួយ។

យ៉ាងណាមិញ ក្នុងពេលថ្មីៗនេះ សមាជិកចំនួន១១នាក់ ដែលមកពីគ្រួសារ្រកូល មីង (Ming), ប៉ាវូ (Bau), វ៉ៃ (Wei) និង លីអ៊ូ (Liu) ត្រូវបានទីក្រុងប៉េកាំង សម្រេចប្រហារជីវិតពួកគេភ្លាមៗយ៉ាងឆាប់រហ័ស ពីបទការផលិតអាភៀន និងមេតំហ្វេតាមីន រហូតបង្កើតទៅជាបណ្ដាញសេដ្ឋកិច្ចថ្មីមួយដោយពឹងផ្អែកលើការរកស៊ីក្នុងកាស៊ីណូ ការលួចបន្លំខុសច្បាប់តាមអ៊ីនធឺណិត និងការធ្វើទារុណកម្មទៅលើជនជាតិចិនជាដើម។ 

ដំបូងឡើយ សមាជិក ១១នាក់ ដែលត្រូវបានប៉ូលីសចិនចាប់ខ្លួននិងគ្រោងប្រហារជីវិតនេះ ពួកគេជាអ្នកត្រួតត្រាទីក្រុងព្រំដែនដាច់ស្រយាល ឡៅកាំង (Laukkaing) ក្នុងរដ្ឋ Shan ដែលជារដ្ឋក្រីក្ររបស់ប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីឆ្នាំ 2009 មកម្ល៉េះ។ 

ពួកគេបានឡើងកាន់អំណាចបន្ទាប់ពីឧត្តមសេនីយ មីង អុង ឡាំង (Min Aung Hlaing) ដែលជាមេដឹកនាំរដ្ឋប្រហារយោធាបច្ចុប្បន្នក្នុងប្រទេសមីយ៉ាន់ម៉ា។

តាមប្រភពពី BBC ដដែលបានឲ្យដឹងថា គ្រួសារឧក្រិដ្ឋកម្មខាងលើនេះ ពួកគេមានភាពជិតស្និទ្ធនឹងយោធាមីយ៉ាន់ម៉ាខ្លាំងណាស់។ ឧក្រិដ្ឋជន១១នាក់នេះ តែងតែប្រើសមាសភាពរបស់ពួកគេ បោកប្រាស់កម្មករចិនរាប់ម៉ឺននាក់ ដោយភាគច្រើនពួកគេបានទាក់ទាញជនជាតិចិនទាំងនោះ ជាមួយនឹងការសន្យាថានឹងរកការងារដែលមានប្រាក់ខែល្អឲ្យជនជាតិទាំងនោះ។ 

តាមការត្អូញត្អែរពីជនរងគ្រោះដែលជាជនជាតិចិនបានឲ្យដឹងថា ពួកគេត្រូវបានបង្ខំឱ្យធ្វើការងារឆបោកជនរងគ្រោះដទៃទៀត តាមប្រព័ន្ធផ្សព្វផ្សាយសង្គម។ មិនតែប៉ុណ្ណោះ ឧក្រិដ្ឋជនទាំង១១នេះ ក៏បានប្រព្រឹត្តអំពើឃោរឃៅ ដោយការធ្វើទារុណកម្មទៅលើជនជាតិចិនទាំងដោយគ្មានការលើកលែងថែមទៀតផង។

ក្រោយផ្ទុះករណីបោកប្រាស់យ៉ាងរន្ទឺបែបនេះហើយ ជាហេតុធ្វើឲ្យប៉ូលីសចិនបើកការស៊ើបអង្កេតនិងស្រាវជ្រាវ រហូតចាប់ខ្លួនបានឧក្រិដ្ឋជនចំនួន១១នាក់ខាងលើ ដើម្បីយកមកកាត់ទោសប្រហារជីវិតតែម្ដង៕