2026-01-30 12:16
5

វៀតណាម៖ មហាសេដ្ឋីដែលមានប្រាក់វាល់លានរបស់វៀតណាមមួយរូប កំពុងត្រូវបានកាត់ទោសឲ្យជាប់គុកមួយជីវិត ពីបទកិបកេងប្រាក់ពីធនាគារវៀតណាមដ៏ធំមួយ និងត្រូវបានបង្គាប់ឱ្យសងសំណងចំនួន ២៧ ពាន់លានដុល្លារបន្ថែមពីបទកិបកេងនេះ។

តាម BBC ដែលបានចេញផ្សាយនៅថ្ងៃទី៣០ មករានេះបានឲ្យដឹងថា ក្រោយរងភាពអាម៉ាសដែលមិនអាចទទួលយកបាន បន្ទាប់ពីមហាសេដ្ឋីវៀតណាម ឧកញ៉ា Truong My Lan បានលួចកិបកេងប្រាក់ពីធនាគារវៀតណាម ខណៈនេះទ្រព្យសម្បត្តិដ៏មហាសាល រួមទាំងកាបូបដែលធ្វើពីស្បែកក្រពើចំនួនពីរម៉ាក Hermès Birkin និងទូកក្តោងដែលមានតម្លៃរាប់លានរបស់ឧកញ៉ាដែលមានប្រាក់ពាន់លានរូបនេះ កំពុងត្រូវបានអាជ្ញាធរវៀតណាមដាក់ដេញថ្លៃចាប់ពីតម្លៃ 49.3 ពាន់លានដុងវៀតណាម (1.9 លានដុល្លារ) ឡើងទៅ ដើម្បីទូទាត់សងប្រាក់រាប់ពាន់លានដុល្លារដែលមហាសេដ្ឋីខាងលើនេះបានលួចកេងបន្លំ។

ផ្ដើមឆ្នាំ២០២៦ នេះគេសម្លឹងឃើញថា វៀតណាមបានព្យាយាមកាត់សាច់រលួយជាច្រើនដើម្បីយកទៅលាងសម្អាតចេញពីប្រទេសរបស់ខ្លួន ពិសេសរឿងក្ដីនៃការកាត់ទោសមហាសេដ្ឋីវៀតណាម Truong My Lan នេះកំពុងធ្វើឲ្យរន្ទឺទាំងក្នុងនិងក្រៅប្រទេសជុំវិញពិភពលោក។ 

ដំបូងឡើយ ឧកញ៉ា Truong My Lan ត្រូវបានកាត់ទោសប្រហារជីវិតនៅខែមេសា ឆ្នាំ 2024 បន្ទាប់ពីតុលាការវៀតណាមបានរកឃើញថា ឧកញ៉ារូបនេះបានគ្រប់គ្រងដោយសម្ងាត់ធនាគារ Saigon Commercial Bank ដែលជាអ្នកផ្តល់ប្រាក់កម្ចីធំជាងគេទី5 ក្នុងប្រទេស និងបានយកប្រាក់កម្ចី រួមទាំងសាច់ប្រាក់ក្នុងរយៈពេលជាង10 ឆ្នាំតាមរយៈបណ្តាញក្រុមហ៊ុនសែល ដែលមានទំហំសរុប 44 ពាន់លានដុល្លារ។ 

ដោយព្រះរាជអាជ្ញាវៀតណាមបាននិយាយថា ក្នុងចំណោមនោះប្រាក់ចំនួន 27 ពាន់លានដុល្លារនៃចំនួនប្រាក់សរុបត្រូវបានក្លែងបន្លំ ហើយប្រាក់ចំនួន12ពាន់លានដុល្លារត្រូវបានវិនិច្ឆ័យថាកេងប្រវ័ញ្ច ដែលជាចំនួននៃឧក្រិដ្ឋកម្មហិរញ្ញវត្ថុដ៏ធំបំផុតមួយដែលពិភពលោកបានឃើញ។ 

ប៉ុន្តែជាសំណាងល្អ ដោយសារតែវៀតណាមបានសម្រេចលុបចោលទោសប្រហារជីវិតសម្រាប់ឧក្រិដ្ឋកម្មជាច្រើននោះ ទើបបានជាតុលាការសម្រេចកាត់ទោសមហាសេដ្ឋីដែលលួចកិបកេងប្រាក់វាល់លានរូបនេះមកត្រឹមទោសជាប់គុកមួយជីវិតវិញ។

ក្នុងចំណោមនោះ មនុស្សជាង 80 នាក់ រួមទាំងប្តី និងក្មួយស្រីរបស់ ឧកញ៉ា Truong My Lan  ត្រូវបានតុលាការសម្រេចកាត់ទោសជាមួយនាងទាំងអស់។ ជារឿងដែលធ្វើឲ្យពិភពលោកដាក់ការភ្ញាក់ផ្អើល អំឡុងពេលដែលតុលាការវៀតណាម សម្រេចកាត់ទោសនិងរឹបអូសទ្រព្យសម្បត្តិរបស់ឧកញ៉ាប្រាក់ពាន់លានរូបនេះ នាងស្រាប់តែបដិសេធនិងបានស្នើសូមតុលាការ ទុកកាបូបដែលធ្វើពីស្បែកក្រពើម៉ាក Hermès របស់នាងដែលមានតម្លៃរាប់ពាន់លានដុល្លារ ទុកជាវត្ថុអនុស្សាវរីយ៍សម្រាប់កូននិងចៅរបស់នាង។ 

ប៉ុន្តែត្រូវបានតុលាការវៀតណាមជំទាស់ និងបានធ្វើការរឹបអូសទ្រព្យសម្បត្តិរបស់ឧកញ៉ារូបនេះជាង 1,200 រួមទាំងការកាន់កាប់ក្រុមហ៊ុន និងអចលនទ្រព្យផ្សេងទៀតរបស់នាងទាំងអស់៕