2026-01-30 11:16
7

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានលើកឡើងពីហានិភ័យរវាងការធ្វើពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសជាមួយចិនថា វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ចក្រភពអង់គ្លេសក្នុងការសម្រេចចិត្តដើរលើផ្លូវពាណិជ្ជកម្មមួយ ជាមួយប្រទេសចិន ខណៈដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កំពុងបន្តដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ទីក្រុងប៉េកាំង។

តាមការចេញផ្សាយពី BBC នៅថ្ងៃទី៣០ មករានេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកកំពុងបង្ហាញប្រតិកម្មមិនពេញចិត្ត ជាមួយនឹងកិច្ចព្រមព្រៀងរបស់សម្ព័ន្ធមិត្តខ្លួន ដែលបានប្រកាសចងមេត្រីភាពពាណិជ្ជកម្មជាមួយចិន ក្នុងគោលបំណងដើម្បីស្តារទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងចិនឡើងវិញ។ 

មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងរវាងអង់គ្លេសនិងចិននេះ ក៏មានបំណងចង់បង្កើនអាជីវកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរផងដែរ។

នៅក្នុងបទសម្ភាសន៍មួយ លោក ត្រាំ បានព្យាយាមដាស់តឿនសម្ព័ន្ធមិត្តរបស់ខ្លួនម្ដងជាពីរដងថា វាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់អង់គ្លេសក្នុងការធ្វើពាណិជ្ជកម្មជាមួយចិន។ 

ប៉ុន្តែជាការឆ្លើយតបទៅនឹងពាក្យដាស់តឿនរបស់អាមេរិក នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បែរជាបង្ហាញការអត្ថាធិប្បាយថា ទំនាក់ទំនងរបស់អង់គ្លេសជាមួយប្រទេសចិនគឺស្ថិតនៅ កន្លែងដែលល្អ និងរឹងមាំ ហើយលោកក៏ទើបមានកិច្ចប្រជុំ ជាមួយលោក Xi នៅឯមហាសាលប្រជាជនកាលពីថ្ងៃព្រហស្បតិ៍ផងដែរ។

អមជាមួយនឹងការផ្ញើក្ដីព្រួយបារម្ភរបស់អាមេរិក ទៅកាន់ចក្រភពអង់គ្លេស ក្នុងអំឡុងពេលប្រទេសនេះសម្រេចចិត្តធ្វើពាណិជ្ជកម្មជាមួយចិន ទីក្រុងប៉េកាំងទើបតែបង្ហាញពីភាពមិនសុខចិត្ត ក្នុងការសង្គ្រឺតធ្មេញគម្រាមអូស្រ្តាលី ក្រោយប្រទេសនេះមិនគោរពកិច្ចព្រមព្រៀងដែលជួលកំពង់ផែរបស់ខ្លួនឲ្យចិនរយៈពេល ៩៩ ឆ្នាំ។ ក្នុងនោះ ចិនក៏បានបោះសម្ដីមើលងាយអូស្រា្តលីយ៉ាងចាស់ដៃដែរថា ប្រទេសនេះគ្មានសីលធម៌ និងមិនចេះធ្វើអាជីវកម្មនោះទេ។

សូមបញ្ជាក់ឲ្យដឹងថា មូលហេតុដែលអាមេរិកបង្ហាញការព្រួយបារម្ភរបស់ខ្លួនចំពោះចក្រភពអង់គ្លេស ព្រោះទីក្រុងវ៉ាស៊ីនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចក្រភពនេះគិតត្រឹមឆ្នាំ 2025 ខណៈដែលប្រទេសចិនក៏ត្រូវបានចាត់ទុកថាជាប្រទេសធំបំផុតទី4 ក្នុងការធ្វើពាណិជ្ជកម្មជាមួយអង់គ្លេសផងដែរ៕