2026-01-30 15:32
4

ទីក្រុងឡុងដ៍/វ៉ាស៊ីនតោន(រ៉យទ័រ)៖ សហរដ្ឋអាមេរិក និងរុស្ស៊ីអាចនឹងចាប់ផ្តើមការប្រណាំងអាវុធនុយក្លេអ៊ែនឹងគ្នាជាថ្មី ខណៈដែលកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាគ្រប់គ្រងអាវុធរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្កូ កៀកនឹងជិតដល់អវសានចុងក្រោយ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍។

តាមប្រភពពី Reuter ដែលបានចេញផ្សាយនៅថ្ងៃទី៣០ មករានេះ បានឲ្យដឹងថា សន្ធិសញ្ញា New START ដែលជាកិច្ចព្រមព្រៀងនៃការគ្រប់គ្រងអាវុធនុយក្លេអ៊ែររវាងអាមេរិកនិងរុស្ស៊ីនឹងត្រូវបញ្ចប់នៅថ្ងៃទី 5 ខែកុម្ភៈខាងមុខនេះ ហើយគេក៏មិនប្រាកដថា នឹងមានសញ្ញាបន្តសន្ធិសញ្ញានេះតទៅទៀតឬក៏អត់ដែរ។ 

ខណៈនេះ ពិភពលោកកំពុងដាក់ការព្រួយបារម្ភថា ប្រសិនទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្កូសម្រេចបញ្ចប់មិនបន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លរអ៊ែររបស់ពួកគេទេ នោះច្បាស់ណាស់អវសាននៃពិភពលោកក៏ខិតជិតចូលមកដល់ដែរ។ បច្ចុប្បន្ន អាមេរិក រុស្ស៊ី និងចិន កំពុងប្រឹងបង្អួតសាច់ដុំគ្នា ដោយការសង្ងំផលិតសព្វាវុធទំនើបៗ ជាពិសេសអាវុធនុយក្លេអ៊ែរ ដែលមានសមត្ថភាពខ្ពស់ក្នុងការប្រល័យជីវិតមនុស្សជាតិឲ្យចូលក្នុងមាត់ជ្រោះនៃអវសាននៃពិភពលោក។ 

តាមការផ្ដល់សញ្ញាពីអាមេរិក លោក ត្រាំ បាននិយាយថា ប្រសិនបើសន្ធិសញ្ញាផុតកំណត់ នោះមានន័យថាវាផុតកំណត់ហើយ ដូច្នេះសន្ធិសញ្ញាគួរតែត្រូវបានជំនួសដោយអ្វីដែលប្រសើរជាងនេះ។ លោក ត្រាំ បន្តថាគាត់ចង់បន្ត "ការរំសាយអាវុធនុយក្លេអ៊ែរ" ជាមួយរុស្ស៊ីនិងចិន។ 

ក្នុងនោះ អ្នកនយោបាយអាមេរិកខ្លះបានឆ្លៀតរំឭក លោក Trump ថា អាមេរិកគួរតែបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីត្រៀមទប់ទល់នឹងការបង្កើតនុយក្លេអ៊ែរយ៉ាងឆាប់រហ័សដោយមហាអំណាចទីបីគឺប្រទេសចិន។ 

ជាការឆ្លើយតបមិនសុខចិត្តនឹងទីក្រុងវ៉ាស៊ីនតោន ដែលចង់រំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន ទីក្រុងប៉េកាំង បានស្ដីបន្ទោសទៅកាន់អាមេរិកថា វាមិនសមហេតុផលទេក្នុងការរំពឹងថាចិននឹងចូលរួមកិច្ចព្រមព្រៀង ស្តីពីការរំសាយអាវុធជាមួយប្រទេសពីរ ដែលមានឃ្លាំងផ្ទុកអាវុធធំជាងប្រទេសរបស់ខ្លួននោះ។

តើអនាគតរបស់ពិភពលោកនឹងមានភាពស្ងប់សុខដោយសន្តិភាព ឬបញ្ចប់ដោយក្បាលគ្រាប់នុយក្លេអ៊ែររបស់ប្រទេសមហាអំណាច?