តៃប៉ិ៖ តៃវ៉ាន់បានបញ្ចប់ការសាកល្បងនាវាមុជទឹកដំបូងបំផុតរបស់ខ្លួន ដែលផលិតក្នុងស្រុកនៅថ្ងៃព្រហស្បតិ៍ ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងគម្រោងដែលមានគោលបំណងពង្រឹងការទប់ស្កាត់កងទ័ពជើងទឹកចិន និងការពារផ្លូវទឹកសំខាន់ៗក្នុងករណីមានសង្គ្រាមឈ្លានពានក្នុងដែនកោះរបស់ខ្លួន។
តាម Reuter បានឲ្យដឹងថា ចិនដែលតែងប្រកាសក្ដែងៗថា តៃវ៉ាន់ជាទឹកដីរបស់ខ្លួន ពេលនេះដែនកោះដ៏តូចនេះ បានចាប់ផ្ដើមវិវត្តន៍ខ្លួនដោយមិនគួរឲ្យជឿក្នុងការបង្កើតកម្មវិធីនាវាមុជទឹកក្នុងស្រុក ដែលក្លាយជាផ្នែកសំខាន់មួយនៃគម្រោងដ៏មានមហិច្ឆតាដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនការពារការឈ្លានពានពីមហាអំណាចចិន ខណៈទីក្រុងប៉េកាំងក៏កំពុងធ្វើសមយុទ្ធយោធាស្ទើរតែរាល់ថ្ងៃ ដើម្បីបង្កើនកម្លាំងទាមទារដែនអធិបតេយ្យភាពរបស់តៃវ៉ាន់មកស្ថិតក្នុងការគ្រប់គ្រងពេញលេញរបស់ខ្លួន។
មហិច្ឆតារបស់កម្មវិធីនាវាមុជទឹករបស់តៃវ៉ាន់បានទាញយកជំនាញ និងបច្ចេកវិទ្យាទំនើបពីប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលជារបកគំហើញមួយសម្រាប់តៃវ៉ាន់ដែលកំពុងរងភាពឯកោផ្នែកការទូត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន CSBC Corp (2208.TW) របស់តៃវ៉ាន់ ដែលកំពុងដឹកនាំការសាងសង់នាវាមុជទឹកចំនួនប្រាំបីគ្រឿងបានឲ្យដឹងថា នាវាដំបូងដែលសម្រេចបានដោយការផលិតរបស់ដែនកោះតូចនេះ មានឈ្មោះថា Narwhal វាបានបញ្ចប់ការធ្វើតេស្តក្រោមទឹកលើកដំបូងនៅក្នុងសមុទ្រ ដោយសម្រេចការអនុវត្តត្រឹមការរុករកក្រោមទឹករាក់សិនប៉ុណ្ណោះ ប៉ុន្តែឥទ្ធិពលរបស់នាវាដែលទើបបើកផ្ទាំថ្មីស្រឡាងនេះ មានសមត្ថភាពជាយុទ្ធសាស្ត្រដ៏សំខាន់ ដែលអំណាចរបស់វាអាចរារាំងការឈ្លានពានពីបណ្ដាប្រទេសមួយចំនួនបានយ៉ាងមានប្រសិទ្ធភាព។
ដំបូងឡើយ នាវាមុជទឹក Narwhal ត្រូវបានគ្រោងនឹងប្រគល់ជូនកងទ័ពជើងទឹកតៃវ៉ាន់តាំងពីឆ្នាំ ២០២៤ មកម្ល៉េះ ដោយមានការចូលរួមជាមួយនាវាមុជទឹកពីរគ្រឿងទៀត ដែលបានទិញពីប្រទេសហូឡង់ស្រាប់ក្នុងទសវត្សរ៍ ១៩៨០ ប៉ុន្តែកម្មវិធីនេះត្រូវបានពន្យារពេលវិញ។
យ៉ាងណាមិញ ដែនកោះដ៏តូចច្រឡឹងដែលត្រូវបានហ៊ុព័ទ្ធដោយការស្រែកគម្រាមពីទីក្រុងប៉េកាំងស្ទើរជារៀងរាល់ថ្ងៃមួយនេះ បានដាក់ក្ដីសង្ឃឹមថា ខ្លួននឹងដាក់ពង្រាយនាវាមុជទឹកដែលផលិតក្នុងស្រុកយ៉ាងហោចណាស់ឲ្យបានពីរគ្រឿងត្រឹមឆ្នាំ 2027 រួមផ្សំទាំងការបំពាក់មីស៊ីលម៉ូដែលក្រោយៗដែលទំនើបបន្ថែមទៀត។
យ៉ាងណាក៏ដោយ ឥទ្ធិពលរបស់នាវាមុជទឹកដំបូងរបស់តៃវ៉ាន់ ដែលមានតម្លៃ ៤៩,៣៦ ពាន់លានដុល្លារតៃវ៉ាន់ (១,៥៨ ពាន់លានដុល្លារ) នេះនឹងដាក់ការប្រើប្រាស់ប្រព័ន្ធប្រយុទ្ធដោយក្រុមហ៊ុន Lockheed Martin Corp (LMT.N) រួមទាំងមានការផ្ទុកមីស៊ីល torpedo ដែលមានទម្ងន់ធ្ងន់ Mark 48 ដែលជាការបើកផ្ទាំងថ្មីផលិតនៅសហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណា ក្នុងករណីដែលតៃវ៉ាន់ប្រឹងប្រែងធ្វើសមយុទ្ធហ្វឹកហាត់ និងព្យាយាមផលិតសព្វាវុធទំនើបដើម្បីបង្កើនសាច់ដុំរបស់ខ្លួន ទប់ទល់នឹងចិនក៏ដោយ ប៉ុន្តែកងកម្លាំងប្រដាប់អាវុធរបស់តៃវ៉ាន់ នៅមានកម្រិតទាបជាងកម្លាំងប្រដាប់អាវុធរបស់ចិននៅឡើយ។
យ៉ាងហោចណាស់ មិនមែនជារឿងដែលអស់សង្ឃឹមសម្រាប់តៃវ៉ាន់ បើទោះបីជាកម្លាំងរបស់ខ្លួនមិនទាន់សមាមាត្រគ្នាជាមួយទីក្រុងប៉េកាំងក្ដី តែដែនកោះមួយនេះ ក៏កំពុងធ្វើទំនើបកម្មយោធារបស់ខ្លួន ដើម្បីអាចប្រយុទ្ធប្រឆាំងនឹងសង្គ្រាមអសមមាត្រគ្នានេះបាន។
តែវ៉ាន់ បានសម្រេចប្រើប្រាស់ប្រព័ន្ធចល័ត និងរហ័សរហួនសម្រាប់សព្វាវុធរបស់ខ្លួនដូចជា នាវាមុជទឹក យន្តហោះគ្មានមនុស្សបើក និងមីស៊ីលដែលដាក់លើឡានដឹកទំនិញ ដើម្បីទប់ទល់នឹងប្រទេសចិន ដែលជាសត្រូវដ៏ធំជាងគេរបស់ខ្លួន៕




