2026-01-31 12:49
12

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់ចង់ធ្វើកិច្ចព្រមព្រៀងជាជាងប្រឈមមុខនឹងសកម្មភាពយោធាដ៏កំណាចរបស់អាមេរិក បើទោះបីជាទីក្រុងតេអេរ៉ង់នៅតែទទូចមិនដាច់ពីមាត់ថា ប្រព័ន្ធមីស៊ីល និងប្រព័ន្ធការពាររបស់ខ្លួននឹងមិនឱនក្បាលសម្រាប់ការចរចាជាមួយទីក្រងវ៉ាស៊ីនតោនយ៉ាងណាក៏ដោយ។

តាមរបាយការណ៍ពី BBC បានឲ្យដឹងថា លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃសុក្រថា អ៊ីរ៉ង់ចង់ធ្វើកិច្ចព្រមព្រៀងមួយជាមួយអាមេរិក។ ការលើកឡើងបែបនេះរបស់ លោក ត្រាំ ធ្វើឡើងក្រោយពេលលោកទើបតែស្រែកព្រមានទីក្រុងតេអេរ៉ង់កាលពីថ្ងៃពុធថា ពេលវេលារបស់ប្រទេសនេះកំពុងជិតអស់ហើយ បើសិនជាមេដឹកនាំអ៊ីរ៉ង់នៅតែរឹងទទឹង មិនព្រមឱនក្បាលចរចារលើកិច្ចព្រមព្រៀងស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោនទេនោះ កងនាវាជើងទឹកអាមេរិកដ៏ធំនិងកំណាចក៏នឹងកំពុងប្រមូលផ្តុំនៅជិតច្រកទ្វាផ្ទះរបស់អ៊ីរ៉ង់ដែរ។ 

នៅតែមិនព្រមឱនក្បាលជាមួយអាមេរិក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ម្នាក់បានឆ្លើយតបដោយមិនញញើតទៅ លោក ត្រាំ វិញថា មិនមានការពិភាក្សាណាមួយ ដែលបានគ្រោងទុកជាមួយសហរដ្ឋអាមេរិកនៅពេលនេះទេ ប៉ុន្តែថាទីក្រុងតេអេរ៉ង់នឹងបើកចំហទ្វារផ្ទះរបស់ខ្លួនសម្រាប់ការចរចាដោយផ្អែកលើ ការគោរពគ្នាទៅវិញទៅមក និងទំនុកចិត្តប៉ុណ្ណោះ។

ប្រធានាធិបតីសហរដ្ឋអាមេរិក បានឆ្លៀតដាក់កំហិតទៅកាន់អ៊ីរ៉ង់ថា ប្រសិនជាគ្មានកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោនទេ នោះអ៊ីរ៉ងនឹងបានឃើញអ្វីមួយដែលមិនធម្មតាកើតឡើងនៅក្នុងផ្ទះរបស់ប្រទេសខ្លួន។ 

លោក ត្រាំ បន្តបន្លាចអ៊ីរ៉ង់ថា ខណៈនេះក្រុមនាវាចម្បាំងកំណាចរបស់អាមេរិកដ៏ធំមួយ កំពុងធ្វើដំណើរទៅកាន់តំបន់កៀកប្រទេសអ៊ីរ៉ង់ ហើយលោកនឹងមិនផ្តល់ពេលវេលាជាក់លាក់ណាមួយ សម្រាប់ការដកខ្លួនរបស់វានោះទេ។ 

បន្ទាប់ពីនោះ អ៊ីរ៉ង់នឹងឃើញពីរបៀបដែលវាដំណើរការ ព្រោះពួកវាបានអណ្តែតនៅកន្លែងណាមួយ ពេលខ្លះពួកវាអាចនឹងអណ្តែតនៅជិតទ្វាផ្ទះរបស់អ៊ីរ៉ង់ក៏ថាបាន។ ជាកិច្ចបន្ត លោក ត្រាំ បានដាក់លក្ខខណ្ឌចំនួនពីរឲ្យអ៊ីរ៉ង់ពិចារណាថា ទី១៖ គ្មាននុយក្លេអ៊ែរ និងទី២៖ បញ្ឈប់ការសម្លាប់ក្រុមបាតុករ។

យ៉ាងណាមិញ ទោះអាមេរិកខំសង្កត់កទីក្រុងអេតេរ៉ង់យ៉ាងណាក៏ដោយ តែអ៊ីរ៉ង់នៅតែទទូចថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានសន្តិភាពទាំងស្រុង និងបានបដិសេធម្តងហើយម្តងទៀតនូវការចោទប្រកាន់របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោនថា ពួកគេមិនបានស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនោះទេ៕