2024-01-26 04:01
102

(បាត់ដំបង) ៖  បុរសម្នាក់បានរងរបួសធ្ងន់ខណៈកំពុងជិះម៉ូតូម្នាក់ឯងត្រូវរថយន្តមួយគ្រឿងបើកបុកពីក្រោយពេញទំហឹង បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២២យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

 តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាជនរងគ្រោះមានឈ្មោះ ខាត់ ខួច ភេទប្រុស អាយុ២៨ រស់នៅភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ក្រហម ពាក់ផ្លាកលេខបាត់ដំបង 1AL-7079 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តទេសចរណ៍ដឹកអ្នកដំណើរ របស់ក្រុមហ៊ុន(វីរៈប៊ុនថាំ)ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2AD-4378 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នា ឡើងវ៉ាជែងមិនផុត ក៏ជ្រុលចង្កូតទៅបុកម៉ូតូពីក្រោយបណ្តាលអោយអ្នកបើកបរម៉ូតូដួលបោកក្បាលរងរបួសធ្ងន់តែម្តង។

  ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជួនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចធ្វើការវាស់វែងរួចបានអូសយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។