2024-11-16 10:38
106

អ្នកវិទ្យាសាស្រ្តបានរក្សាទុកហ្សែនរបស់មនុស្សទាំងស្រុង នៅលើគ្រីស្តាល់នៃការចងចាំ 5D ដែលពួកគេសង្ឃឹមថាវាអាចផ្ដល់នូវប្លង់មេ ដើម្បីនាំមនុស្សជាតិត្រឡប់មកវិញពីការផុតពូជរាប់ពាន់ រាប់លានឆ្នាំនៃពេលអនាគត។

ក្រុមដែលមកពីមជ្ឍមណ្ឌលស្រាវជ្រាវ Optoelectronics របស់សាកលវិទ្យាល័យ Southampton (ORC) ក៏បាននិយាយផងដែរថា ទម្រង់ផ្ទុកទិន្នន័យបដិវត្តន៍ដែលអាចរស់បានរាប់ពាន់លានឆ្នាំ អាចត្រូវបានប្រើដើម្បីកត់ត្រាហ្សែននៃប្រភេទរុក្ខជាតិ និងសត្វជិតផុតពូជដែលប្រឈមទៅនឹងការផុតពូជ។ 

អ្នកនាំពាក្យនៃសាកលវិទ្យាល័យក៏បានធ្វើការពន្យល់ផងដែរថា វាមិនដូចទៅនឹងទ្រង់ទ្រាយផ្ទុកនូវទិន្នន័យផ្សេងៗទៀតទេដែលអាចថយចុះតាមពេលវេលានោះ ព្រោះថាគ្រីស្តាល់អង្គចងចាំ 5D អាចផ្ទុកព័ត៌មានបានរហូតដ៏ទៅ ៣៦០ តេរ៉ាបៃ (ក្នុងទំហំធំបំផុត) ដោយមិនមានការបាត់បង់អស់រាប់ពាន់លានឆ្នាំ បើទោះបីជាវាស្ថិតនៅក្នុងសីតុណ្ហភាពខ្ពស់យ៉ាងណាក៏ដោយ។ 

អ្នកនាំពាក្យក៏បានបន្ថែមថា គ្រីស្តាល់នេះគឺស្មើនឹងរ៉ែថ្មខៀវដែលបានលាយបញ្ចូលគ្នា ដែលជាវត្ថុធាតុគីមីហើយថែមទាំងធន់នឹងកំដៅយ៉ាងខ្លាំងបំផុតមួយនៅលើផែនដី។

មិនតែប៉ុណ្ណោះ វាក៏អាចទប់ទល់ជាមួយនឹងសីតុណ្ហភាពខ្ពស់រហូតដល់ទៅ 1000C ផងដែរ។

លើសពីនេះទៅទៀត វាក៏ទទួលបាននូវពានរង្វាន់ Guinness World Record សម្រាប់សម្ភារៈដែលផ្ទុកទិន្នន័យបានជាប់លាប់បំផុតនៅក្នុងឆ្នាំ២០២៤ នេះ។