2025-01-03 12:51
43

កំពង់ស្ពឺ៖      មនុស្សចំនួន ០២នាក់ បានគាបស្លាប់ភ្លាមៗនៅក្នុងរថយន្ត និងម្នាក់ទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរណ៍ដ៏រន្ធត់មួយលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រង់ចំណុច PK39 រវាងយន្ត ម៉ាក Lexus RX300 បើកបរក្នុងល្បឿនលឿនបុកពីក្រោយរថយន្តដឹកទំនិញធន់ធំ ០១គ្រឿងទៀត។

នគរបានចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៣និង៤៥នាទីលើកំណាត់ផ្លូវល្បឿនលឿន (K39+200) ក្នុងទិសដៅព្រះសីហនុទៅភ្នំពេញត្រង់ចំណុច ភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ត ០១ គ្រឿង ម៉ាក លុចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2B-3816 អ្នកបើកបរឈ្មោះ លី ហ៊ូវ ភេទប្រុស អាយុ ៤០ឆ្នាំ (ស្លាប់) នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្ដតាកែវ ដោយមានអ្នករួមដំណើរជាមួយ ចំនួន ០២ នាក់ទៀត រួមាន ឈ្មោះ YIN CHAOYANG ភេទប្រុស ជនជាតិចិន (ស្លាប់) និង ឈ្មោះ DING YUMEI ភេទស្រី ជនជាតិចិន (របួសធ្ងន់) កំពុងសង្រ្គោះបន្ទាន់ បានបើកបុករថយន្ត ០១ គ្រឿងទៀត ពីក្រោយពេញទំហឹងរួចចូលក្រោមរថយន្តធំតែម្តង។

យោងតាមកាមេរាសុវត្ថិភាពទិន្នន័យផ្ដល់ដោយក្រុមហ៊ុនផ្លូវល្បឿនលឿន បានឱ្យដឹងថា មុនពេលកើតហេតុរថយន្តរងគ្រោះបើកបរពីទិសខាងលិចមកពីខេត្តព្រះសីហនុ ឆ្ពោះទៅទិសខាងកើតរាជធានីភ្នំពេញ លុះមកដល់ចំណុចខាងលើបានបុកពីក្រោយរថយន្ដដឹកទំនិញ ០១ គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-7588 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ (ក្រោយហេតុការណ៍បានចុះរត់គេចខ្លួន) កំពុងបើកបរស្របទិសគ្នា ពេញមួយទំហឹង។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលប្រចាំការផ្លូវល្បឿនលឿន បានសហការជាមួយកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោងទង ធ្វើការវាស់វែងអន្ដរាគមន៍ជួយសង្រ្គោះ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ រីឯសពបានតំកល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ បានធ្វើការស្ទួចយករថយន្ដបង្កគ្រោះថ្នាក់ទាំង០២គ្រឿង មករក្សាទុកនៅប៉ុស្តិនគរបាលរដ្ឋបាលត្រពាំងគង នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីចំណាត់ការនីតិវិធីបន្ដ៕