ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយ ស្វែងយល់អំពី “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា” បានថ្លែងប្រាប់ដល់បងប្អូនអ្នកសារព័ត៌មានមកពីសមាគមន៍សារព័ត៌មាន និងអង្គភាពសារព័ត៌មាននានា ប្រមាណ ៣០០ នាក់ ថា៖ «យើងរួមគ្នាពង្រឹងសន្តិសុខព័ត៌មាន គុណតម្លៃវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាតាមរយៈការពង្រឹងសមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍»។
ការថ្លែងរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នេះ នៅសាលចតុម្មុខមង្គល នៃទីស្តីការក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញបិទវគ្គសិក្ខាសាលាផ្សព្វផ្សាយ ស្វែងយល់អំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា ដែលសហការរៀបចំដោយក្រសួងព័ត៌មាន និងសមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ និងមានសមាសភាពជាគណអធិបតី ជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងភ្ញៀវកិត្តិយសពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន ព្រមទាំងសិក្ខាកាមចូលរួមប្រមាណជាង ៣០០ នាក់ ក្រោមការអ្នកគាំទ្រឧបត្ថម្ភដោយ អ្នកឧកញ៉ា សំអាង អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី។
សិក្ខាសាលាផ្សព្វផ្សាយ ស្វែងយល់អំពី «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា» នេះមានរយៈពេញមួយថ្ងៃ ក្នុងនោះ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គសិក្ខាសាលា និងបិទនារសៀល ក្រោមអធិបតភាព ឯកឧត្តម នេត្រ ភក្ត្រា ផ្ទាល់តែម្តង។
ក្នុងការបើកសិក្ខាសាលានេះដែរ លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ ជាអគ្គនាយកស្ថានីយទូរទស្សន៍ អឹម អេស ជេ បានធ្វើរបាយការណ៍ការងារសកម្មភាព និងវឌ្ឍនភាពដែលសមាគមបានអនុវត្តពេញមួយឆ្នាំ ដោយមានរៀបចំឱ្យមានកម្មវិធីវគ្គបណ្តុះបណ្តាលជាច្រើនវគ្គជូនដល់បងប្អូនអ្នកសារព័ត៌មាន ដោយមិនគិតកម្រៃ និងបានប្តេជ្ញាបន្តសកម្មភាពឱ្យកាន់តែច្រើនថែមទៀត ដើម្បីជួយពង្រឹងសមត្ថភាពអ្នកសារព័ត៌ទាំងអស់ ក្នុងបំពេញភារកិច្ចប្រកបដោយក្រមសីលធម៌វិជ្ជាជីវ គេចផុតការប្តឹងផ្តល់ ឬគំរាមកំហែង ជាពិសេសបណ្តឹងព្រហ្មទណ្ឌ ដែលអាចឈានដល់ការចាប់ខ្លួនអ្នកសារព័ត៌មាន ជាដើម។
សិក្ខាសាលាផ្សព្វផ្សាយ ស្វែងយល់អំពី «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា» ពេញមួយថ្ងៃនេះ មានគ្រូឧទ្ទេសមានជំនាញផ្នែកសារព័ត៌មាន មានដូចជា ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានធ្វើបទបង្ហាញជូនដល់បងប្អូនអ្នកសារព័ត៌មាន អំពីក្រមសីលធម៌ និងការទទួលខុសត្រូវ របស់អ្នកសារព័ត៌មាន, លោកសាស្ត្រាចារ្យជំនាញផ្នែកសារព័ត៌មាន មឿង ឈានណារិទ្ធ ទីប្រឹក្សាក្រសួង បានចូលរួមចែករំលែកបទពិសោធន៍ អំពីរបៀបសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈ, លោក ហេង ស៊ីនិត លោក យី ជីវិន និងលោក ស៊ុយ សុធា ដែលជាជំនាញថតរូបសន្លឹក និងវីដេអូអាជីព បានធ្វើបទបង្ហាញរបៀបប្លង់ថតសន្លឹង វីដេអូ ជាពិសេសការប្រើប្រាស់ហ្វាងសិនរបស់ការកាម៉ារ៉ាតែម្តង។
នាឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងទៅកាន់បងប្អូនអ្នកសារព័ត៌មានប្រមាណ ៤០០ នាក់ថា៖ «យើងត្រូវរួមគ្នាពង្រឹងសន្តិសុខព័ត៌មាន និងគុណតម្លៃវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាតាមរយៈការពង្រឹងសមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍»។ ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមទៀតថា៖ «ការចូលរួមផ្សព្វផ្សាយព័ត៌មាន អំពីការអភិវឌ្ឍន៍ រីកចំរើនរបស់ប្រទេសកម្ពុជា អំពីភាពទាក់ទាញតំបន់ទេសចរ ទេសសភាពស្អាតទៅកាន់ពិភពលោកឱ្យបានច្រើន គឺជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើលកម្ពស់មុខមាត់របសកម្ពុជា»។
ឯឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា៖ «ការគោរពធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ឱ្យបានត្រឹមត្រូវ និងស្របរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា គឺអាវក្រោះដ៏រឹងមាំ ដើម្បីការពារបងប្អូនអ្នកកាសែតគ្រប់ៗគ្នា»។
នាចុងបញ្ចប់នៃសិក្ខាសាលានោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រគល់បណ្ណសរសើរជូនដល់គ្រូឧទ្ទេសនាម អ្នកគាំទ្រឧប្ថម្ភសម្រាប់រៀបចំកម្មវិធី វិញ្ញាបនបត្រជូនសិក្ខាកាម ព្រមទាំងថតរូបអនុសាវរីយ៍ជុំគ្នាផងដែរ៕