2025-01-17 22:10
46

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានក្តីរីករាយ និងសាទរចំពោះ ទំហំពាណិជ្ជកម្មទ្វេភាគី ដែលមានការកើនឡើងក្នុងរយៈពេល១២ខែចុងក្រោយនេះ។ សម្តេចតេជោ បានបន្ថែមថា ប្រទេសយើងទាំងពីរ គួរដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្មឱ្យបាន២ពាន់លានដុល្លារ ដើម្បីជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍។ សម្ដេច បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Tan Sri Dato Johari bin Abdul ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ 

សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថា ជំងឺកូវីដ បានជំរុញពាណិជ្ជកម្មរវាងប្រទេសសមាជិកអាស៊ាន ឱ្យមានការខិតជិតគ្នា ស្របនឹងសុភាសិត «ជួញជិតប្រសើរជាងជួញឆ្ងាយ»។ សម្តេចតេជោ បានបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និង អាស៊ីប (RCEP) គឺជាសក្តានុពលនៃការអភិវឌ្ឍអាស៊ាន ឱ្យមានសមត្ថភាពខ្ពស់ និង ភាពរឹងមាំ ដោយអាស៊ានមិនគួរធ្វើជាស្មៅឱ្យដំរីជាន់នោះទេ។

សម្តេចតេជោ បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា ក្នុងនាមជាប្រធានអាស៊ាន ម៉ាឡេស៊ី នឹងធ្វើឱ្យតំបន់នេះ រីកចម្រើនបន្ថែមទៀត និងស្នើម៉ាឡេស៊ី ពិចារណាផ្តួចផ្តើមរៀបចំយន្តការសម្រាប់ការចរចាពាណិជ្ជកម្មក្នុងកម្រិតអាស៊ានជាមួយដៃគូផងដែរ។

ជាការឆ្លើយតប ឯកឧត្តម Tan Sri Dato Johari bin Abdul បានគូសបញ្ជាក់ថា ក្នុងនាមប្រធានអាស៊ាន ម៉ាឡេស៊ី ចង់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនានា នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងធនាគារ ... ជាពិសេស ការផ្លាស់ប្តូរ មិនត្រឹមតែកម្រិតសមាជិក-សមាជិកាសភាប៉ុណ្ណោះទេ ក៏ប៉ុន្តែ ការផ្លាស់ប្តូរនិស្សិតផងដែរ តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅម៉ាឡេស៊ី។

ឯកឧត្តមប្រធានរដ្ឋសភា បានលើកឡើងបន្ថែមថា អាស៊ានគួរតែរីកចំម្រើនជាមួយគ្នា ព្រោះអាស៊ាន មានទាំងប្រជាជន ថវិកា ទ្រព្យ និងការយោគយល់អាធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងនាមជាក្រុម (block) ប្រជាជាតិតែមួយ និងតម្រូវឱ្យយើងកសាងនូវទំនុកចិត្ត សាមគ្គីគ្នាធ្លុងមួយ ក្នុងការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្នា ក្នុងនាមជាអ្នកជិតខាងល្អ។

ឯកឧត្តមប្រធានរដ្ឋសភា បានបន្តថា តាងនាមឱ្យរដ្ឋសភាម៉ាឡេស៊ី ឯកឧត្តមទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ និងទំនាក់ទំនងអាស៊ានឱ្យកាន់តែខ្លាំងក្លាថែមទៀត៕