2025-03-05 15:11
97

រដ្ឋធានីប៉េកាំង៖ ស្របពេលភូមិសាស្រ្ដនយោបាយ កាន់តែតានតឹងខ្លាំងឡើង នៅសមុទ្រចិនខាងត្បូង និង ច្រកសមុទ្រតៃវ៉ាន់ នោះ ប្រទេសចិន បានបង្កើនកញ្ចប់ថវិកា លើវិស័យការពារជាតិ ចំនួន៧,២ភាគរយ ជាមួយនឹងថវិកា កើនឡើង រហូតដល់២៤៥,៦ពាន់លានដុល្លារអាមេរិក។

ទូរទស្សន៍របស់សិង្ហបុរី Channel News Asia បានផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ថា ចិន បានប្រកាស អំពីការបង្កើនកញ្ចប់ថវិកាលើវិស័យការពារជាតិ រហូតដល់៧,២ភាគរយ សម្រាប់ឆ្នាំ២០២៥ ដោយរក្សានូវល្បឿនជាមួយនឹងតួលេខឆ្នាំ២០២៤ ខណៈប្រទេសមហាយក្សអាស៊ីមួយនេះ បន្តដំណើរទៅមុខ ជាមួយនឹងសកម្មភាពធ្វើទំនើបភាវូបនីយកម្មយោធារបស់ខ្លួន ចំពេលស្ថានការណ៍ភូមិសាស្ត្រនយោបាយ កាន់តែតានតឹងឡើង នៅសមុទ្រចិនខាងត្បូង និង ច្រកសមុទ្រតៃវ៉ាន់។

បើយោងតាមសេចក្តីព្រាងរបាយការណ៍ថវិកា កាលពីថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹង ថា ប្រទេសចិន កំពុងតែកំណត់ថវិកាលើវិស័យការពារជាតិ រហូតដល់១,៧៨ពាន់ពាន់លានយន់ ( Yuan លុយរបស់ចិន) ឬស្មើនឹង២៤៥,៦ពាន់លានដុល្លារអាមេរិក ខណៈនាយករដ្ឋមន្រ្តីចិនលោក លី គាង (Li Qiang) ត្រូវបានកំណត់ ដើម្បីផ្តល់របាយការណ៍ការងាររបស់រដ្ឋាភិបាល នៅក្នុងសម័យបើកកិច្ចប្រជុំសភាជាតិប្រជាជន ហៅកាត់ «NPC»។ ប្រទេសចិន កាលពីឆ្នាំ២០២៤ បានលើកឡើង អំពីការបង្កើនថវិកា លើវិស័យការពារជាតិ ចំនួន៧,២ភាគរយ។

លោក លូ គិនជៀន (Lou Qinjian) អ្នកនាំពាក្យ សភាជាតិប្រជាជន បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ ទី៤ ខែមីនា ដោយបានគូសបញ្ជាក់ ថា ថវិកាវិស័យការពារជាតិរបស់ចិន នៅតែស្ថិតក្រោម១,៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប ឬ GDP របស់ប្រទេសចិន នៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយនៅតែទាបជាងមធ្យមភាគរបស់ពិភពលោក។

ការចំណាយលើវិស័យការពារជាតិរបស់ចិន ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ថា វាជាវិធានការមួយ អំពីរបៀបដែលរដ្ឋាភិបាលក្រុងប៉េកាំង នឹងពង្រីកសមត្ថភាពយោធារបស់ចិន ជាពិសេស ចំពេលប្រទេសមហាយក្សអាស៊ីមួយនេះ ប្រឈមមុខនឹងភាពតានតឹង នៅក្នុងសមុទ្រចិនខាងត្បូង និង ច្រកសមុទ្រតៃវ៉ាន់ រួមជាមួយនឹងការប្រកួតប្រជែងយោធា និង សេដ្ឋកិច្ចយ៉ាងខ្លាំង រវាងចិន និងសហរដ្ឋអាមេរិក ដែលកំពុងតែកើនឡើង។

លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន ធ្លាប់បញ្ជាក់ កាលពីអំឡុងឆ្នាំ២០២២ ថា ប្រទេសចិន មានគោលបំណងជាចម្បងបញ្ចប់នូវការធ្វើទំនើបភាវូបនីយកម្ម លើវិស័យការពារជាតិ និងយោធា នៅឆ្នាំ២០៣៥ និង ដើម្បីកសាងយោធាលំដាប់ពិភពលោក នៅពាក់កណ្តាលសតវត្សនេះ។

លោកប្រធានាធិបតី ស៊ី បានសង្កត់ធ្ងន់ ថា៖«ការធ្វើទំនើបភាវូបនីយកម្មយោធា ជាគន្លឹះក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និង ផលប្រយោជន៍អភិវឌ្ឍន៍»

បើតាមវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្ដអន្ដរជាតិ បានឲ្យដឹង ថា ជាការឆ្លើយតបទៅនឹងការកើនឡើង នៃការយល់ឃើញ អំពីការគំរាមកំហែងនោះ ការចំណាយលើវិស័យការពារជាតិរបស់ពិភពលោក បានកើនឡើងដល់ ២,៦៨ពាន់ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៥។ បណ្ដាប្រទេសនានានៅតំបន់អាស៊ី មជ្ឈិមបូព៌ា និង អាហ្វ្រិកខាងជើង ហើយអឺរ៉ុប ត្រូវបានគេមើលឃើញ ថា មានការកើនឡើង លើការចំណាយថវិកា សម្រាប់វិស័យសំខាន់ៗជាច្រើន បើទោះជាការអំពាវនាវរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ ជំរុញឱ្យចំណាយជាអប្បបរមាលើវិស័យការពារជាតិ ចំនួន៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប ឬ GDP នៅក្នុងចំណោមបណ្ដាប្រទេសជាសមាជិករបស់អង្គការណាតូ នៅតែមិនអាចទៅរួច សម្រាប់ប្រទេសភាគច្រើនរបស់អង្គការយោធាកំពូលមួយនេះយ៉ាងណាក្ដី៕