
លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថា កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែននឹងធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត នៅសប្តាហ៍ក្រោយដោយលោកបានសម្តែងក្តីសង្ឃឹមថា វានឹងក្លាយជា "កិច្ចប្រជុំដ៏មានអត្ថន័យ"។
ក្នុងនោះបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក Donald Trump គឺលោក Steve Witkoff បាននិយាយថា ក្រុមអាមេរិកចង់ពិភាក្សាអំពី "ក្របខ័ណ្ឌ" សម្រាប់សន្តិភាពដើម្បីព្យាយាមបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។
គួរបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃសុក្រសប្តាហ៍មុន Zelensky និង Trump បានចូលរួមក្នុងការប៉ះទង្គិចគ្នាជាសាធារណៈនៅឯសេតវិមានក្នុងអំឡុងពេលដែល Trump បាននិយាយថា Zelensky មិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីបញ្ចប់ការប្រយុទ្ធគ្នានោះទេ។
ហើយបន្ទាប់ពីការប៉ះទង្គិចពាក្យសម្ដីគ្នាមក សហរដ្ឋអាមេរិកបានបន្តផ្អាកជំនួយយោធាដល់អ៊ុយក្រែន និងបញ្ឈប់ការចែករំលែកព័ត៌មានសម្ងាត់របស់ខ្លួនទៅកាន់អ៊ុយក្រែនតទៅទៀតហើយ។
បន្ទាប់ពីនោះមក យើងឃើញថាប្រធានាធិបតីអ៊ុយក្រែនបានសម្តែងនូវការសោកស្តាយចំពោះហេតុការណ៍ដែលបានកើតឡើងនេះ និងបានព្យាយាមជួសជុលទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលជាអ្នកផ្គត់ផ្គង់យោធាដ៏ធំបំផុតរបស់ប្រទេសខ្លួន។
ហើយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បេសកជនពិសេសរបស់ ត្រាំ បាននិយាយថា Trump បានទទួលសំបុត្រពី Zelensky ដែលរួមបញ្ចូលជាមួយនឹង "ការសុំទោស" និង "អារម្មណ៍នៃការដឹងគុណ" ។
ពេលនេះ យើងឃើញថា Zelensky ហាក់បីដូចជាកំពុងតែស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើសម្បទានមុនពេលកិច្ចចរចាសន្តិភាពណាមួយ ខណៈដែលប្រធានាធិបតីអ៊ុយក្រែនបាននិងកំពុង ជំរុញឱ្យមានការធានាសន្តិសុខយ៉ាងម៉ឺងម៉ាត់សម្រាប់ទីក្រុង Kyiv ។
សូមជម្រាបថា រុស្ស៊ីបានបើកការឈ្លានពានអ៊ុយក្រែនពេញលេញក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយឥឡូវរុស្ស៊ីកំពុងតែគ្រប់គ្រងប្រហែល ២០% នៃទឹកដីអ៊ុយក្រែន។
