
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្អាកកាលពីថ្ងៃព្រហស្បតិ៍ទៅលើពន្ធ ២៥% ដែលលោកបានដាក់ក្នុងសប្តាហ៍នេះ លើទំនិញភាគច្រើនពីប្រទេសកាណាដា និងម៉ិកស៊ិក ដែលជាការកែប្រែចុងក្រោយបំផុតនៅក្នុងគោលនយោបាយពាណិជ្ជកម្ម ដែលបានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុ មានការព្រួយបារម្ភអំពីអតិផរណានិងការធ្លាក់ចុះនៃកំណើនជាដើម។
ការលើកលែងដែលគ្របដណ្តប់ លើដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកទាំងពីរនេះនឹងផុតកំណត់នៅថ្ងៃទី 2 ខែមេសា នៅពេលដែលលោក Trump បានគម្រាមថាលោកនឹងដាក់របបពិភពលោកនៃពន្ធគយទៅវិញទៅមក លើដៃគូពាណិជ្ជកម្មទាំងអស់របស់សហរដ្ឋអាមេរិក។
ស្របគ្នានេះដែរ យើងឃើញថាជាការឆ្លើយតប កាណាដានឹងពន្យារពេលការគ្រោងទុកទីពីរនៃពន្ធសងសឹករបស់ខ្លួនទៅលើផលិតផលអាមេរិកចំនួន 125 ពាន់លាន រហូតដល់ថ្ងៃទី 2 ខែមេសា នេះបើយោងទៅលើរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X។
សម្រាប់ប្រទេសកាណាដា ការបញ្ជាទិញពីអាមេរិកដែលបានធ្វើវិសោធនកម្មក៏មិនរាប់បញ្ចូលពន្ធលើសារធាតុប៉ូតាស្យូម ដែលជាជីដ៏សំខាន់សម្រាប់កសិករអាមេរិក ប៉ុន្តែមិនគ្របដណ្តប់ទាំងស្រុងលើផលិតផលថាមពល ដែលលោក Trump បានដាក់ពន្ធ 10% ដាច់ដោយឡែកពីគ្នានោះទេ។
មូលហេតុនេះត្រូវបានឆ្លើយបំភ្លឺដោយមន្ត្រីសេតវិមានបាននិយាយថា នោះគឺដោយសារតែមិនមែនគ្រប់ផលិតផលថាមពលទាំងអស់ដែលនាំចូលពីកាណាដា ត្រូវបានគ្របដណ្តប់ក្រោមកិច្ចព្រមព្រៀងអាមេរិក-ម៉ិកស៊ិក-កាណាដា ស្តីពីពាណិជ្ជកម្មដែល Trump បានចរចាក្នុងអាណត្តិដំបូងរបស់គាត់ជាប្រធានាធិបតីនោះទេ។
គួរបញ្ជាក់ថា លោក Trump បានប្រកាសជាលើកដំបូងនូវការដាក់ពន្ធនៅដើមខែកុម្ភៈ ប៉ុន្តែលោកបានពន្យារពេលសម្រាប់ប្រទេសកាណាដា និងម៉ិកស៊ិករហូតដល់ថ្ងៃអង្គារ។
ហើយកាលពីដើមសប្តាហ៍នេះ លោកបានបដិសេធនឹងមិនពន្យារពេលទៅលើការដាក់ពន្ធម្តងទៀតទៀត ដោយលោកបានដំឡើងពន្ធទ្វេដងចំនួន 10% ដែលចូលជាធរមានចាប់តាំងពីថ្ងៃទី 4 ខែកុម្ភៈ លើការនាំចូលរបស់ចិន។
បើតាមប្រភពពីប្រទេសទាំងពីរបានប្រាប់សារព័ត៌មានរ៉យទ័រថា មន្ត្រីម៉ិកស៊ិក និងកាណាដាបានខកចិត្តចំពោះការចរចារពន្ធគយជាមួយរដ្ឋបាល Trump ដោយសារតែអាមេរិកបង្ហាញពីភាពមិនច្បាស់លាស់អំពីបំណងប្រាថ្នារបស់ខ្លួន ក្នុងការធ្វើឱ្យដំណោះស្រាយនៃការពន្យារពេលពន្ធហាក់ដូចជាមិនអាចទៅរួច។

