
រដ្ឋធានីមូស្គូ៖ ស្របពេលបណ្ដាមេដឹកនាំរបស់ប្រទេសមហាអំណាចយោធានៅតំបន់អឺរ៉ុប រួមមាន៖ ចក្រភពអង់គ្លេស និង បារាំងកំពុងតែរៀបចំផែនការ បញ្ជូនកងកម្លាំងរក្សាសន្ដិភាព ទៅកាន់ប្រទេសអ៊ុយក្រែននៅក្នុងព្រឹត្ដិការណ៍ណាមួយ មានកិច្ចព្រមព្រៀងសន្ដិភាពនោះ ប្រមុខការទូតរុស្ស៊ី បានចាត់ទុកការបញ្ជូនកងកម្លាំងរបស់អឺរ៉ុបទៅកាន់ប្រទេសអ៊ុយក្រែន គឺជាការចូលរួមដោយផ្ទាល់ជាផ្លូវការរបស់អង្គការណាតូនៅក្នុងសង្គ្រាមរបស់រុស្ស៊ី។
សារព័ត៌មាន Asian News International បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ ថា បើតាមការផ្សាយរបស់ទូរទស្សន៍កាតារ Al Jazeera បានឲ្យដឹងថា លោក ស៊ើរហ្គេ ឡាវរ៉ូវ (Sergei Lavrov) រដ្ឋមន្រ្ដីក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ថា រដ្ឋាភិបាលក្រុងមូស្គូនឹងពិចារណាលើការដាក់ពង្រាយរបស់កងកម្លាំងរក្សាសន្ដិភាពរបស់អឺរ៉ុប បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែនព្រោះវាជាសកម្មភាពចូលរួមពាក់ព័ន្ធជាផ្លូវការរបស់អង្គការណាតូ នៅក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។
សេចក្ដីរាយការណ៍ទាំងនេះក៏បានលើកឡើងថា បណ្ដាមេដឹកនាំជាច្រើនរបស់អឺរ៉ុបកំពុងតែលើកឡើងអំពីការបញ្ជូនកងកម្លាំងរក្សាសន្ដិភាព ទៅកាន់ប្រទេសអ៊ុយក្រែនប្រសិនភាគីជម្លោះទាំង២ បានឈានដល់កិច្ចព្រមព្រៀងលើបទឈប់បាញ់។
ទូរទស្សន៍របស់កាតារ Al Jazeera បានរាយការណ៍ទៀតថា លោក អេមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានថ្លែងសុន្ទរកថា ទៅកាន់ប្រជាជាតិរបស់ខ្លួន ដោយបានលើកឡើងអំពីរុស្ស៊ីកំពុងតែគំរាមកំហែងទាំងមកលើប្រទេសបារាំង និងតំបន់អឺរ៉ុប។
សុន្ទរកថារបស់លោកប្រធានាធិបតី ម៉ាក្រុង បានបរិយាយអំពីការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងក្លាបំផុតនាពេលអនាគតរវាងរុស្ស៊ី និងលោកខាងលិច។
ការធ្វើអត្ថាធិប្បាយរបស់លោកប្រធានាធិបតី ម៉ាក្រុង បានបង្ហាញអំពីការពិចារណារបស់ប្រទេសបារាំងដែលអាចធ្វើទៅបានពីការបន្តសង្រ្គាម និងបានខកខានដោះស្រាយ ចំពោះការពង្រីកសមាជិករបស់អង្គការណាតូ ឆ្ពោះទៅទិសខាងកើត នៅជិតព្រំដែនរបស់រុស្ស៊ី។
ជម្លោះនេះ ត្រូវបានក្រុមអ្នកវិភាគមួយចំនួនយល់ឃើញថា វាជាសង្គ្រាមប្រូកស៊ី (Proxy war) ឬសង្គ្រាមកូនកាត់រវាងបណ្ដាប្រទេសមហាអំណាចនុយក្លេអ៊ែរក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិក សម្រាប់ជួយគាំទ្រដល់ប្រទេសអ៊ុយក្រែន និងរុស្ស៊ី ខណៈមនុស្សជាច្រើនជឿថា ជម្លោះនេះត្រូវតែបញ្ចប់។
ដោយឡែក លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យនៃវិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថា ប្រទេសរុស្ស៊ីបានមើលឃើញជាយូរមកហើយថា សង្រ្គាមនេះជាជម្លោះ រវាងរុស្ស៊ី និងលោកខាងលិចក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិក។
អ្នកនាំពាក្យរូបនេះបានពណ៌នាថា នេះជាសង្រ្គាមកូនកាត់រវាងប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីររបស់ពិភពលោក។ ដូច្នេះ សង្រ្គាមនេះត្រូវតែបញ្ចប់។
លោកប្រធានាធិបតី ម៉ាក្រុង បានសង្កត់ធ្ងន់ថា ការឈ្លានពានរបស់រុស្ស៊ីដែលមិនស្គាល់ព្រំដែន នឹងបង្កការគំរាមកំហែងដោយផ្ទាល់ទាំងមកលើប្រទេសបារាំង និងតំបន់អឺរ៉ុប។
ដូច្នេះនៅក្នុងសម័យទំនើបនេះ តើនរណាអាចជឿថាប្រទេសរុស្ស៊ីនឹងឈប់ឈ្លានពានទៅលើប្រទេសអ៊ុយក្រែន?
ប៉ុន្ដែសម្រាប់ជំនាន់របស់យើងនឹងលែងទទួលបានភាគលាភពីសន្តិភាពទៀតហើយ សន្ដិភាពអាស្រ័យទៅលើយើងធានាថា កូនចៅរបស់យើងទទួលបានភាគលាភពីការសន្យារបស់យើងនៅថ្ងៃស្អែក។
ដូច្នេះយើងនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាទាំងនេះ»៕
