
ក្រុងប៉េកាំង៖ ប្រទេសចិនបានប្រកាសពន្ធលើផលិតផលកសិកម្ម និងអាហាររបស់ប្រទេសកាណាដានាថ្ងៃសៅរ៍នេះ ជាការសងសឹកនឹងការយកពន្ធដែលក្រុងអូតាវ៉ាបានប្រកាសនាអំឡុងខែតុលាកន្លងទៅចំពោះចិនទៅលើរថយន្តអគ្គិសនី ផលិតផលដែក និងអាលុយមីញ៉ូមដែលផលិតនៅប្រទេសចិន។
ចំពោះពន្ធដែលប្រកាសដោយក្រសួងពាណិជ្ជកម្មនឹងចូលជាធរមាននៅថ្ងៃទី 20 ខែមីនាខាងមុខនេះហើយ។ ការប្រកាសពន្ធតបវិញរបស់ចិនទៅកាន់កាណាដា ហាក់បីដូចជាកំពុងតែបង្ហាញពីសង្រ្គាមពាណិជ្ជកម្មដ៏ក្ដៅគគុក ដែលកំពុងតែបង្កនូវភាពច្របូលច្របល់ទៅដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។
ក្រសួងពាណិជ្ជកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិននឹងអនុវត្តពន្ធ 100% ទៅលើប្រេង rapeseed របស់កាណាដា និងការនាំចូលសណ្តែក ហើយនិងពន្ធ 25% ទៅលើផលិតផលទឹក និងសាច់ជ្រូករបស់កាណាដា។
ក្រសួងបានបន្ថែមថា ពន្ធ 100% របស់ប្រទេសកាណាដាដែលបានដាក់ទៅលើរថយន្ត EVs របស់ចិន និងពន្ធ 25% លើផលិតផលអាលុយមីញ៉ូម និងដែកថែបរបស់ខ្លួន "កាណាដាកំពុងតែបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក និងជាវិធានការរើសអើងដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសចិន" ។
គួរបញ្ជាក់ថា កាលដែលចិនប្រើវិធានការតបតពន្ធទៅលើកាណាដាវិញបែបនេះ ក៏ព្រោះតែកាលពីខែ សីហា កន្លងទៅនេះ នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បាននិយាយថា ទីក្រុង Ottawa កំពុងដាក់ពន្ធទៅលើប្រទេសចិន ដើម្បីប្រឆាំងនឹងអ្វីដែលលោកហៅថា គោលនយោបាយដឹកនាំដោយរដ្ឋដែលជាចេតនារបស់ប្រទេសចិន ទៅលើសមត្ថភាពបន្ទាប់ពីការដឹកនាំរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលប្រទេសទាំងពីរបានអនុវត្តការយកពន្ធលើរថយន្ត EV ដែលផលិតនៅប្រទេសចិនផងដែរ។
