2025-03-08 12:36
68

KYIV, អ៊ុយក្រែន៖ រុស្ស៊ីបានវាយប្រហាររោងចក្រថាមពលអ៊ុយក្រែនជាមួយនឹងកាំជ្រួច និងយន្តហោះគ្មានមនុស្សបើករាប់សិបគ្រឿងនៅពេលយប់ ដោយធ្វើឱ្យមានផលប៉ះពាល់ទៅដល់ប្រទេសនេះក្នុងការផ្តល់កំដៅ និងពន្លឺដល់ពលរដ្ឋរបស់ខ្លួន ក៏ដូចជាការផ្តល់ថាមពលដល់រោងចក្រផលិតសព្វាវុធ ដែលមានសារៈសំខាន់សម្រាប់ការការពាររបស់ខ្លួន។

ការវាយប្រហារនេះ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានផ្អាកជំនួយផ្នែកយោធា និងការស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែន ដើម្បីជាការដាក់សម្ពាធឱ្យអ៊ុយក្រែនទទួលយកកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានជំរុញដោយរដ្ឋបាល Trump ។ 

បើគ្មានការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកទេ សមត្ថភាពរបស់អ៊ុយក្រែនក្នុងការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី និងការពារខ្លួនពីការទម្លាក់គ្រាប់បែកត្រូវបានថយចុះយ៉ាងខ្លាំង។

ប្រព័ន្ធការពារដែនអាកាសដែលផ្គត់ផ្គង់ដោយលោកខាងលិច គឺមានសារៈសំខាន់សម្រាប់អ៊ុយក្រែន ប៉ុន្តែជំនួយរបស់សហរដ្ឋអាមេរិកទៅកាន់អ៊ុយក្រែនគឺរឹតតែសំខាន់និងមិនអាចខ្វះបាន ប៉ុន្តែពេលនេះជំនួយដែលអាមេរិកចង់ផ្ដល់ទៅឲ្យអ៊ុយក្រែននោះគឺបង្ហាញពីភាពមិនច្បាស់លាស់នៅឡើយ ក្រោមការសម្រេចចិត្តរបស់លោក Donald Trump ដោយហេតុថា កាលពីពេលកន្លងទៅនេះ លោក ត្រាំ បានចោទទៅកាន់អ៊ុយក្រែនថា មិនទាន់ត្រៀមខ្លួនរួចរាល់នៅក្នុងការបញ្ចប់សង្គ្រាមរវាងខ្លួននិងរុស្ស៊ីនៅឡើយ។ 

ហើយពេលនេះផងដែរ យើងឃើញថា អ៊ុយក្រែនកំពុងតែរងនូវសម្ពាធនិងជួបផលវិបាកយ៉ាងខ្លាំងនៅលើសមរភូមិសង្គ្រាមជាមួយនឹងរុស្ស៊ី។ 

ហើយនាសប្ដាហ៍ក្រោយនេះ មន្ត្រីអាមេរិក និងអ៊ុយក្រែននឹងជួបប្រជុំគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីពិភាក្សាអំពីការបញ្ចប់សង្រ្គាម ដែលបានចាប់ផ្តើមជាងបីឆ្នាំមុន នៅពេលដែលរុស្ស៊ីចាប់ផ្តើមការឈ្លានពានពេញទំហឹងមកលើអ៊ុយក្រែន។ 

ម្យ៉ាងទៀត កាលពីថ្ងៃសុក្រ លោកប្រធានាធិបតី Trump បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកកំពុង "ពិចារណាយ៉ាងខ្លាំង" នូវការដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសរុស្ស៊ី ដើម្បីបង្ខំឲ្យប្រទេសនេះចូលទៅក្នុងកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន។

រុស្ស៊ីបានកំណត់គោលដៅបណ្តាញថាមពលរបស់អ៊ុយក្រែន ម្តងហើយម្តងទៀតក្នុងអំឡុងពេលសង្រ្គាម។ 

ហើយការវាយប្រហារនេះបានបំផ្លាញសមត្ថភាពផលិតអគ្គិសនី និងរំខានដល់ការផ្គត់ផ្គង់ទឹក ក៏ដូចជាកំដៅសំខាន់ៗ។ 

ស្របគ្នានេះដែរ មន្ត្រីអ៊ុយក្រែនបានចោទរុស្ស៊ីថា បានប្រើអាវុធរដូវរងាក្នុងកិច្ចប្រឹងប្រែងដើម្បីបំផ្លាញសីលធម៌ជនស៊ីវិល។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលចំនួន ៦៧ គ្រាប់ពីលើអាកាស ដីគោក និងសមុទ្រ ហើយបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកចំនួន ១៩៤ គ្រឿង។ 

គោលដៅចម្បងរបស់ពួកគេគឺកន្លែងទាញយកឧស្ម័នធម្មជាតិរបស់អ៊ុយក្រែន។

ចំណែកក្រុមហ៊ុនផលិតឧស្ម័នឯកជនដ៏ធំបំផុតរបស់អ៊ុយក្រែន DTEK បាននិយាយថា ការទម្លាក់គ្រាប់បែកពេញមួយយប់នៅក្នុងតំបន់ Odesa គឺជាការវាយប្រហារលើកទីប្រាំមួយរបស់រុស្ស៊ីក្នុងរយៈពេលពីរសប្តាហ៍កន្លះមកលើទីតាំងរបស់ខ្លួន។