2025-03-09 11:02
79

ក្រុងគែរ/ហ្សេរុយសាឡឹម៖ អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចុះហត្ថលេខាកាលពីថ្ងៃសៅរ៍ថា ពួកគេកំពុងរៀបចំសម្រាប់ដំណាក់កាលបន្ទាប់នៃការចរចាបទឈប់បាញ់ ខណៈដែលអ្នកសម្រុះសម្រួលបានជំរុញឱ្យមានការចរចា ដើម្បីបន្តបទឈប់បាញ់រយៈពេល 42 ថ្ងៃដែលបានចាប់ផ្តើមនៅក្នុងខែមករាកន្លងទៅ។

ក្រុមហាម៉ាស់បាននិយាយថាមាន ភាពវិជ្ជមានសម្រាប់ការចាប់ផ្តើមនៃកិច្ចចរចាដំណាក់កាលទីពីរនៃបទឈប់បាញ់ ប៉ុន្តែមិនបានបញ្ជាក់លម្អិតពាក់ព័ន្ធនៃកិច្ចចរចានេះនោះទេ។

ចំណែកឯការិយាល័យរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ក៏បានបាននិយាយដែរថា "អ៊ីស្រាអែលបានទទួលយកការអញ្ជើញរបស់អ្នកសម្រុះសម្រួលដែលគាំទ្រដោយសហរដ្ឋអាមេរិក ហើយនឹងបញ្ជូនគណៈប្រតិភូទៅទីក្រុង Doha នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការចរចា" ។

គណៈប្រតិភូមកពីក្រុមហាម៉ាស កំពុងចូលរួមក្នុងកិច្ចចរចាបទឈប់បាញ់នៅទីក្រុងគែរជាមួយអ្នកសម្រុះសម្រួលអេហ្ស៊ីប ដែលបាននិងកំពុងជួយសម្រួលដល់កិច្ចចរចាជាមួយមន្ត្រីមកពីកាតា។ 

ពួកគេមានបំណងបន្តទៅដំណាក់កាលបន្ទាប់នៃកិច្ចព្រមព្រៀង ដែលអាចបើកផ្លូវដើម្បីបញ្ចប់សង្រ្គាម។

ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលបានចូលជាធរមានក្នុងខែមករាកន្លងទៅនេះ បានអំពាវនាវឱ្យចំណាប់ខ្មាំងចំនួន 59 នាក់ ដែលនៅសល់ក្នុងការចាប់ឃុំខ្លួនរបស់ពួកហាម៉ាសត្រូវបានដោះលែងក្នុងដំណាក់កាលទីពីរ ហើយក្នុងអំឡុងពេលនោះផែនការចុងក្រោយនឹងត្រូវបានចរចាសម្រាប់ការបញ្ចប់សង្គ្រាម។

គួរបញ្ជាក់ថា ដំណាក់កាលទីមួយនៃបទឈប់បាញ់ត្រូវបានបញ្ចប់កាលពីសប្តាហ៍មុន។ហើយចាប់តាំងពីពេលនោះមក អ៊ីស្រាអ៊ែលបានដាក់ការបិទផ្លូវទាំងស្រុងលើទំនិញទាំងអស់ដែលចូលមក ដោយទាមទារឱ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ដោយមិនចាំបាច់ចាប់ផ្តើមការចរចាដើម្បីបញ្ចប់សង្គ្រាមហ្គាហ្សានោះទេ។

ហើយការប្រយុទ្ធគ្នាត្រូវបានបញ្ឈប់ចាប់តាំងពីថ្ងៃទី 19 ខែមករា ដោយក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន 33 នាក់ និងជនជាតិថៃ 5 នាក់ចំពោះអ្នកទោសនិងអ្នកជាប់ឃុំប៉ាឡេស្ទីនប្រហែល 2,000 នាក់។

ការវាយលុករបស់អ៊ីស្រាអែលទៅលើតំបន់ព័ទ្ធជុំវិញ បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង 48,000 នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលហ្គាហ្សាបានលើកឡើង។

ដោយក្នុងនោះក៏មានការជម្លៀសប្រជាជនជិតតំបន់ហ្គាហ្សាទាំងមូល និងនាំឱ្យមានការចោទប្រកាន់ពីបទប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មសង្គ្រាមដែលអ៊ីស្រាអែលបដិសេធ។