
មនុស្សរាប់សែននាក់នៅក្នុងរដ្ឋ Queensland នៃប្រទេសអូស្ត្រាលីគ្មានថាមពលប្រើប្រាស់ បន្ទាប់ពីព្យុះស៊ីក្លូនត្រូពិច Alfred បាននាំមកនូវខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបង្កឱ្យមានការខូតខាតទៅដល់ផ្ទះរបស់ប្រជាជនអូស្ត្រាលីជាច្រើន ដែលជាហេតុបណ្ដាលឲ្យពួកគេគ្មានថាមពលគ្រប់គ្រាន់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ហើយក៏ជាសញ្ញានៃការព្រមានពាក់ព័ន្ធជាមួយនឹងទឹកជំនន់ផងដែរ។
អ្នកចែកចាយថាមពល Energex បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សប្រហែល 316,540 នាក់គ្មានថាមពលប្រើប្រាស់ដែលស្ថិតនៅភាគអាគ្នេយ៍នៃរដ្ឋ Queensland ជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ ជាមួយនឹងចំនួនមនុស្សជាង 112,000 នាក់ដែលគ្មានថាមពលប្រើដោយសារតែការវាយប្រហារពីព្យុះដ៏កាចសាហាវនេះ។
អតីតព្យុះស៊ីក្លូនត្រូពិចបានមកដល់ឆ្នេរសមុទ្រ Queensland កាលពីថ្ងៃសៅរ៍ដែលត្រូវបានគេសន្មតថាជា "កម្រិតទាបត្រូពិច" បន្ទាប់ពី 16 ថ្ងៃ។
ពេលនេះស្ថានភាពនៅក្នុងរដ្ឋ Queensland និងភាគខាងជើងនៃរដ្ឋ New South Wales នៅតែមានសភាពធ្ងន់ធ្ងរដោយសារតែកើតមាននូវទឹកជំនន់ភ្លាមៗ និងខ្យល់បក់ខ្លាំងជាដើម។
ភ្លៀងនៅតែបន្តធ្លាក់ រួមទាំងខ្យល់បក់បោកខ្លាំងដែលមានល្បឿនប្រហែល ៩០ គីឡូម៉ែត្រ/១ម៉ោង ដែលបង្កឲ្យមានផលប៉ះពាល់ទៅលើឆ្នេរខ្សាច់ត្រូវបានគេរំពឹងថានឹងបន្តក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។


