
ថៃ៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានស្បថចូលកាន់តំណែង ក្នុងនាមជារដ្ឋមន្រ្តីវប្បធម៌ បើទោះបីជាកាលពីថ្ងៃទី០១ កក្កដា កន្លងទៅ តុលាការធម្មនុញ្ញថៃ បានសម្រេចព្យួរតំណែងនាយករដ្ឋមន្រ្តី និងកំពុងពិចារណាជុំវិញការដកតំណែងនាយករដ្ឋមន្រ្តីរបស់ លោកស្រី យ៉ាងណាក៏ដោយ។
ជុំវិញនៃបញ្ហានេះ លោកស្រី ផែថងថាន ក៏នៅសល់តំណែងរដ្ឋមន្រ្តីវប្បធម៌មួយទៀត ដើម្បីបន្តកិច្ចការក្នុងរដ្ឋាភិបាលផងដែរ។
យ៉ាងណាមិញ លោក Tul Sittisomwong អ្នកនយោបាយថៃ ហាក់នៅតែបង្ហាញនូវការមិនពេញចិត្តដដែល បើទោះបីជាតុលាការធម្មនុញ្ញបានព្យួរតំណែង លោកស្រីផែថងថាន ក្នុងនាមជានាយករដ្ឋមន្រ្តី ហើយក្តី។
ដោយ លោក Tul Sittisomwong បានទទូចស្នើឱ្យប្រធានព្រឹទ្ធសភាថៃ ប្រមូលហត្ថលេខាពីសមាជិកព្រឹទ្ធសភាចំនួន ១ភាគ១០ ដើម្បីគាំទ្រញត្តិ ដាក់ទៅតុលាការធម្មនុញ្ញ ដើម្បីដកតំណែងរដ្ឋមន្រ្តីវប្បធម៌ របស់លោកស្រី ផែថងថាន បន្ថែមទៀត។
គួរបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីការបែកធ្លាយសារសំឡេងនៃកិច្ចសន្ទនាតាមទូរសព្ទជាមួយសម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កន្លងមក ប្រជាប្រិយភាពរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៥ នេះ បើធៀបនឹងត្រីមាសទីមួយ។
ព្រោះបើយោងតាមការប្រកាសរបស់វិទ្យាស្ថានជាតិនៃរដ្ឋបាលអភិវឌ្ឍន៍ (NIDA) ដែលបានចេញផ្សាយកាលពីថ្ងៃទី២៩ ខែមិថុនា កន្លងទៅ ប្រជាប្រិយភាពរបស់ប្រមុខរដ្ឋាភិបាលថៃរូបនេះ បានធ្លាក់មកត្រឹម ៩,២ភាគរយប៉ុណ្ណោះ ខណៈនៅត្រីមាសទីមួយ ការគាំទ្ររបស់លោកស្រីមានរហូតដល់ទៅ ៣០,៩ភាគរយ។
ដោយសំឡេងគាំទ្រលើប្រមុខរដ្ឋាភិបាលថៃបច្ចុប្បន្ន បើធៀបនឹងមេដឹកនាំបក្សប្រឆាំង គឺចាញ់ឆ្ងាយណាស់៕
