2025-07-04 10:26
9

អ៊ីស្តង់ប៊ុល៖ យោងតាមការចេញផ្សាយដោយ រ៉យទ័រ នាថ្ងៃទី៤ កក្កដា នេះ បានឲ្យដឹងថា ប្រទេសទួរគី បានរងនូវគ្រោះមហន្តរាយ ដោយសារតែមានករណីភ្លើងឆេះព្រៃយ៉ាងសន្ធោរសន្ធៅមួយ កើតឡើងនៅក្នុងខេត្ត Izmir ភាគខាងលិច ដែលមានរយៈពេលរហូតទៅដល់ ៧ថ្ងៃ នៅទូទាំងតំបន់ជាច្រើនក្នុងប្រទេសទួរគី។ 

រដ្ឋមន្ត្រីមហាផ្ទៃទួរគី លោក Ali Yerlikaya បាននិយាយថា ភ្លើងឆេះព្រៃនៅទូទាំងភាគខាងលិចនៃប្រទេសទួរគីបានបំផ្លាញផ្ទះប្រហែល ២០០  រីឯមនុស្សប្រហែល ៥០,០០០ នាក់ ត្រូវបានជម្លៀសជាបណ្ដោះអាសន្ននៅដើមសប្តាហ៍នេះ និងពីរនាក់ទៀតត្រូវបានស្លាប់នៅក្នុងគ្រោះអគ្គិភ័យខាងលើ។

គួរឲ្យដឹងថា ប្រទេសទួរគី ក្រិច និងបណ្តាប្រទេសផ្សេងទៀតនៅសមុទ្រមេឌីទែរ៉ាណេ បានស្ថិតនៅក្នុងតំបន់ដែលអ្នកវិទ្យាសាស្ត្រដាក់ឈ្មោះថា "ចំណុចក្តៅនៃភ្លើងឆេះព្រៃ" ដែលមានភ្លើងឆេះជាធម្មតាក្នុងអំឡុងពេលរដូវក្តៅ និងស្ងួត។ ដែលទាំងនេះបានក្លាយទៅជាការបំផ្លិចបំផ្លាញកាន់តែច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារអាកាសធាតុប្រែប្រួលលឿនពេក៕