
បរទេស៖ ក្រសួងការបរទេសចិនបាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងចូលរួមពិធីព្យុហយាត្រាយោធានៅទីក្រុងប៉េកាំងនៅសប្តាហ៍ក្រោយនេះ ដែលជាកិច្ចប្រជុំថ្នាក់អន្តរជាតិលើកដំបូងរបស់កូរ៉េខាងជើង ។
ក្បួនដង្ហែរព្យុហយាត្រាយោធានៃ"ទិវាជ័យជំនះ"ប្រារព្ធខួបលើកទី80 នៃសង្រ្គាមរបស់ចិនប្រឆាំងនឹងប្រទេសជប៉ុន និងការបញ្ចប់សង្រ្គាមលោកលើកទីពីរ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏នឹងស្ថិតក្នុងចំណោមប្រមុខរដ្ឋទាំង ២៦ ដែលរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលនិងកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ថាចង់ជួបលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ។
ប្រទេសចិនត្រូវបានគេរំពឹងថា ចិននឹងបង្ហាញសព្វាវុធចុងក្រោយបង្អស់របស់ខ្លួន រួមទាំងយន្តហោះរាប់រយគ្រឿង រថក្រោះ និងប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក នេះជាលើកទីមួយដែលចិនបង្អួតសំញែងពីររចនាសម្ព័ន្ធកម្លាំងយោធាថ្មីរបស់ខ្លួន ក្នុងក្បួនដង្ហែព្យុហយាត្រានេះ។
នៅក្នុងសន្និសីទសារព័ត៌មានដែលផ្តល់ដោយក្រសួងការបរទេសចិនកាលពីថ្ងៃព្រហស្បតិ៍នេះ ពីទីក្រុងប៉េកាំង បានឲ្យដឹងថាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ក្រុងព្យុងយ៉ាងបានសរសើរអ្នកជិតខាងរបស់ខ្លួនសម្រាប់ "មិត្តភាពប្រពៃណី" អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ថែមទាំងបានប្ដេជ្ញាថាប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការលើ "សន្តិភាព និងស្ថិរភាពក្នុងតំបន់" ឲ្យបានយូរអង្វែង។ ក្នុងជំនួបរបស់មេដឹកនាំកំពូលលើកនេះ វាក៏នឹងក្លាយជាជ័យជម្នះផ្នែកការទូតដ៏សំខាន់សម្រាប់ចិនផងដែរ។
កាលពី២សប្តាហ៍មុនលោកត្រាំ បានប្រកាសចង់ជួបមេដឹកនាំកូរ៉េខាងជើងម្តងទៀត ស្របពេលដែលប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងព្យាយាមធ្វើកិច្ចព្រមព្រៀងជាមួយលោក Putin ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
នេះបង្ហាញឲ្យឃើញនិងផ្តល់សញ្ញាថា មេដឹកនាំចិន កំពុងកាន់សន្លឹកបៀភូមិសាស្ត្រនយោបាយនៅក្នុងហ្គេមនេះ ហើយចិនមានឥទ្ធិពលលើមេដឹកនាំទាំងពីរ។ ប៉ុន្តែមេដឹកនាំលោកខាងលិចភាគច្រើន មិនត្រូវបានគេរំពឹងថានឹងចូលរួមក្នុងក្បួនដង្ហែរនោះទេ អាចមកពីមូលហេតុ លោកពូទីនមេដឹកនាំរុស្ស៊ី ជុំវិញនិងសង្គ្រាមឈ្លានពានអ៊ុយក្រែន។ ជប៉ុនក៏បានជំរុញមេដឹកនាំបរទេសកុំឱ្យចូលរួមក្នុងក្បួនដង្ហែនេះដោយលើកឡើងថា "ជាការប្រឆាំងនឹងជប៉ុនហួសហេតុ"។
ប៉ុន្តែមានចម្ងល់ជាច្រើនលើកឡើងថាប្រសិនបើប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung ចូលរួមពិធីដង្ហែនេះ អាចជាការផ្តល់ឱកាសលើកដំបូងសម្រាប់មេដឹកនាំកូរ៉េខាងជើង និងកូរ៉េខាងត្បូង ជួបប្រជុំគ្នាចាប់តាំងពីទំនាក់ទំនងរបស់ពួកគេបានបែកបាក់ប្រះឆាក្នុងឆ្នាំ 2019 ដែរឬទេ?
មេដឹកនាំកូរ៉េខាងត្បូងលោក Lee ដែលទើបនិងជាប់ឆ្នោតកាលពីខែមិថុនា បាននិយាយម្តងហើយម្តងទៀតថា លោកចង់និយាយជាមួយលោក Kim Jong Un និងបង្កើតទំនាក់ទំនងសន្តិភាពជាមួយកូរ៉េខាងជើង។ ក្នុងជំនួបរវាងលោកត្រាំ និងមេដឹកនាំកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទសប្ដាហ៍នេះ លោកបានស្នើឱ្យលោក Trump ដើរតួជាអ្នកបង្កើតសន្តិភាពនៅលើឧបទ្វីបកូរ៉េ។ មេដឹកនាំកូរ៉េខាងត្បូងបានបញ្ជាក់ដែរថា លោកចង់ពង្រឹងទំនាក់ទំនងជាមួយទីក្រុងប៉េកាំងផងដែរ។
ប៉ុន្តែកូរ៉េខាងជើងបានរិះគន់មេដឹកនាំកូរ៉េត្បួង ម្តងហើយម្តងទៀត ដោយបានច្រានចោលរាល់ការប៉ុនប៉ងរបស់កូរ៉េខាងត្បូងដើម្បីចូលរួម។ ជាក់ស្ដែងកាលពីម្សិលមិញទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA បានឲ្យរហ័សនាមឲ្យមេដឹកនាំកូរ៉េខាងត្បូងថាជា "មនុស្សឆ្កួតប្រឈមមុខ"។
ប្រសិនបើមេដឹកនាំកូរ៉េខាងត្បូងចូលរួមក្បួនដង្ហែនេះ វានឹងអាចធ្វើឱ្យទំនាក់ទំនងរបស់កូរ៉េខាងត្បូង មានភាពស្និទ្ធស្នាលជាមួយកូរ៉េខាងជើង ប៉ុន្តែវាស្ថិតក្នុងភាពការប្រថុយប្រថានខ្លាំង។ ប្រសិនបើលោក គីម ជុងអ៊ុន មិនអើពើជាសាធារណៈ សូម្បីតែអ្នកនយោបាយផ្សេងទៀត ក៏ត្រូវបានបដិសេធ នោះមេដឹកនាំកូរ៉េខាងត្បូង និងទទួលរងការអាម៉ាស់ជាខ្លាំង។ ដោយឡែកក្នុងជំនួបដែលមានវត្តមាន ប្រធានាធិបតីរុស្ស៊ី បេឡារុស និងអ៊ីរ៉ង់ ក៏ជាចំនុចមួយដែលកូរ៉េខាងត្បូងចង់ចៀសវាងមិនចង់ជួបឡើយ។ ត្រង់ចំនុចនេះការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង មិនបានធ្វើអត្ថាធិប្បាយនោះទេ ថាតើលោកនឹងចូលរួមដែររឺក៏យ៉ាងណា ។


